កាមេរូនបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ទ្រង់ទ្រាយធំជាប្រវត្តិសាស្រ្ត

យុនដេ៖ ប្រទេសកាមេរូន នៅថ្ងៃអង្គារទី២៣ ខែមករានេះ ចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺគ្រុនចាញ់ជាលើកដំបូងទូទាំងប្រទេស ខណៈដែលអង្គការសុខភាពពិភពលោក (WHO) បានចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។

ចាប់តាំងពីឆ្នាំ ២០១៩មក កុមារជាង ២លាននាក់ បានចាក់វ៉ាក់សាំងការពារជំងឺគ្រុនចាញ់នៅក្នុងប្រទេសហ្គាណា កេនយ៉ា និងម៉ាឡាវី ក្នុងដំណាក់កាលសាកល្បង។ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលធ្វើតេស្ត វ៉ាក់សាំង RTS,S កំពុងដាក់ឱ្យប្រើប្រាស់នៅទូទាំងទ្វីបអាហ្រ្វិក ដោយចាប់ផ្តើមពីប្រទេសកាមេរូន។ នៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Soa មានចម្ងាយ ២០គីឡូម៉ែត្រពីរដ្ឋធានីយុនដេ កុមារអាយុ ៦ខែម្នាក់ បានក្លាយជាមនុស្សដំបូងគេដែលចាក់វ៉ាក់សាំងការពារជំងឺគ្រុនចាញ់។

វ៉ាក់សាំងនេះចាក់មិនគិតថ្លៃទេ និងផ្តល់អាទិភាពដល់កុមារមានអាយុក្រោម ៦ខែទូទាំងប្រទេស នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលកាមេរូន។ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺគ្រុនចាញ់ដែលឆ្លងពីសត្វមូសខាំ ឆក់យកជីវិតមនុស្សជាង ៦០០,០០០នាក់ក្នុងមួយឆ្នាំ។ ហើយ ៩៥ភាគរយនៃអ្នកស្លាប់ទាំងអស់ គឺនៅទ្វីបអាហ្រ្វិក ក្នុងនោះកុមារអាយុក្រោម ៥ឆ្នាំ មានចំនួនច្រើនជាង ៨០ភាគរយ។

អង្គការសុខភាពពិភពលោក (WHO), ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងសម្ព័ន្ធភាពវ៉ាក់សាំង Gavi បាននិយាយកាលពីខែវិច្ឆិកាឆ្នាំមុនថា ចំណាត់ការនេះ គឺជា “ជំហានប្រវត្តិសាស្ត្រឆ្ពោះទៅរកការចាក់វ៉ាក់សាំងបង្ការដ៏ទូលំទូលាយ ប្រឆាំងនឹងជំងឺដ៏កាចសាហាវបំផុតមួយ សម្រាប់កុមារអាហ្វ្រិក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner