នាយករដ្ឋមន្រ្តីអង់គ្លេសព្រមានវាយប្រហារក្រុមហ៊ូទីបន្ថែមទៀត
ឡុងដ៍៖ មេដឹកនាំអង់គ្លេសព្រមានក្រុមហ៊ូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកថា អង់គ្លេសនឹងចាត់វិធានការយោធាថ្មីទៀត បើសិនក្រុមឧទ្ទាមនៅយេម៉ែននេះ បន្តវាយប្រហារលើការដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម។
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-24_13-16-15-1024x682.jpg)
នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីសស៊ី ស៊ូណាក់ ប្រាប់សភាប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារជុំទីពីរជាមួយសហរដ្ឋអាមេរិកថា យើងមិនស្វែងរកការប្រឈមមុខដាក់គ្នាទេ តែយើងជំរុញឱ្យក្រុមហ៊ូទី និងអ្នកដែលអាចរារាំងក្រុមនេះ ជួយបញ្ឈប់ពួកគេពីការវាយប្រហារខុសច្បាប់ និងមិនអាចទទួលយកបាន។
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-24_13-16-14-1024x682.jpg)
លោក ស៊ូណាក់ បន្តថា ក្នុងករណីចាំបាច់ អង់គ្លេសនឹងមិនស្ទាក់ស្ទើរឆ្លើយតប ដើម្បីការពារខ្លួនឡើយ ហើយយើងក៏នឹងមិនអនុញ្ញាតឱ្យការវាយប្រហារទាំងនេះ កើតឡើងដោយគ្មានបញ្ហានោះដែរ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់អង់គ្លេសមានកម្រិត និងស្របតាមច្បាប់អន្តរជាតិ ហើយថា វិធានការយោធានេះ មិនមែនជាការចាប់ផ្តើមយុទ្ធនាការនិរន្តរភាព ប្រឆាំងនឹងក្រុមឧទ្ទាមឡើយ។
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-24_13-16-14-2-1024x682.jpg)
សូមបញ្ជាក់ថា កងកម្លាំងអាមេរិក និងអង់គ្លេស បានធ្វើការវាយប្រហារជាថ្មីក្នុងប្រទេសយេម៉ែន នៅថ្ងៃចន្ទសប្តាហ៍នេះ ដោយផ្តោតលើទីតាំងក្រោមដីរបស់ក្រុមហ៊ូទី ក៏ដូចជាប្រព័ន្ធឃ្លាំមើល និងមីស៊ីល ដែលក្រុមឧទ្ទាមមានអ៊ីរ៉ង់ជាខ្នងបង្អែកនេះ អាចប្រើប្រាស់ដើម្បីវាយប្រហារលើតំបន់សមុទ្រក្រហម៕
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-24_13-16-13-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-24_13-16-12-1024x682.jpg)
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា