NATO ទិញគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រប្រមាណ ២២ម៉ឺនគ្រាប់ ក្នុងតម្លៃ ១.២ពាន់ដុល្លារ
ព្រុចសែល៖ អង្គការណាតូ នៅថ្ងៃអង្គារទី២៣ ខែមករានេះ បានចុះហត្ថលេខាលើកិច្ចសន្យា មានតម្លៃ ១.២ពាន់លានដុល្លារ ដើម្បីទទួលបានគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រប្រមាណ ២២០,០០០គ្រាប់ នៅចំពោះមុខការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
កិច្ចព្រមព្រៀងចុងក្រោយបំផុត ដែលអង្គការណាតូចុះហត្ថលេខាជាមួយក្រុមហ៊ុនបារាំង Nexter និងក្រុមហ៊ុនអាល្លឺម៉ង់ Junghans Microtec គឺជាការបញ្ជាទិញគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រជាង ២២០,០០០គ្រាប់ ហើយការចែកចាយដល់សមាជិកណាតូ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៥ខាងមុខ។ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្ដូលធិនបឺគ និយាយថា វាមានសារៈសំខាន់ណាស់ ដែលសម្ព័ន្ធមិត្តរបស់យើង ត្រូវបំពេញឃ្លាំងស្តុកអាវុធរបស់ពួកគេឡើងវិញ នៅពេលដែលយើងបន្តគាំទ្រអ៊ុយក្រែន។
លោក ស្តូលធិនបឺគ បន្ថែមថា អ្នកគាំទ្ររបស់ទីក្រុងគៀវ នឹងបន្តផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធ រួមទាំងគ្រាប់រំសេវដែលពួកគេត្រូវការ ដើម្បីដណ្តើមទឹកដីមកវិញ ក្នុងនាមជាប្រទេសមានឯករាជ្យ និងអធិបតេយ្យភាព។ លោក ស្តូលធិនបឺគ សង្កត់ធ្ងន់ថា អង្គការណាតូនាពេលនេះ មិនបានមើលឃើញការគំរាមកំហែងដោយផ្ទាល់ ឬជិតមកដល់ណាមួយប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ខ្លួន ពីសំណាក់រុស្ស៊ីនោះទេ។
តែទោះបីជាយ៉ាងណា បក្សសម្ព័ន្ធយោធាដឹកនាំដោយអាមេរិកនេះ បានបង្កើនការការពារនៅភាគខាងកើតរបស់ខ្លួន ដើម្បីរារាំងការលុកលុយណាមួយពីសំណាក់រុស្ស៊ី។
សូមរម្លឹកថា កាលពីឆ្នាំមុន អង្គការណាតូបានចាប់ផ្តើមផែនការមួយ ដើម្បីជំរុញផលិតកម្មការពារជាតិ។ ហើយចាប់តាំងពីពេលនោះមក ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យារួមគ្នា ក្នុងការទិញគ្រាប់រំសេវ ដែលមានតម្លៃប្រហែល ១០ពាន់លានដុល្លារ។
កិច្ចសន្យាទាំងនោះ រួមមានទាំងកិច្ចព្រមព្រៀងទិញមីស៊ីលការពារដែនអាកាសប៉ាទ្រីយ៉ូត (Patriot) ផលិតដោយអឺរ៉ុបរហូតដល់ ១.០០០ គ្រាប់ ដែលចុះហត្ថលេខាកាលពីខែមុន។ សហភាពអឺរ៉ុបក៏បានបើកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផងដែរ ដើម្បីបង្កើនផលិតកម្មការពារជាតិ ប៉ុន្តែប្លុកដែលមានប្រទេសចំនួន ២៧នេះ កំពុងជួបចន្លោះប្រហោងលើគោលដៅផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដល់អ៊ុយក្រែនចំនួន ១លានគ្រាប់នៅត្រឹមខែមីនា ឆ្នាំ២០២៤នេះ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា