សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កងទ័ព គឺជាកម្លាំងស្នូល ហើយកងទ័ព ក៏ជាកត្តានៃសង្គ្រាម និងសន្តិភាពផងដែរ

(ភ្នំពេញ)៖ កងទ័ពគឺជាកម្លាំងស្នូល ដែលអាចធ្វើឲ្យមានសង្គ្រាម ហើយក៏អាចធ្វើឲ្យមានសន្តិភាពផងដែរ ។ នេះជាប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឯកសណ្ឋានជាកងទ័ព ក្នុងឱកាសអញ្ជើញជាធិបតីភាព ពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កងទ័ពជាកម្លាំងស្នូលធំណាស់ ជាកម្លាំងមួយដែលអាចធ្វើឲ្យមានសង្គ្រាម ហើយក៏អាចធ្វើឲ្យមានសន្តិភាពផងដែរ ។

សម្តេចធិបតី បានបញ្ជាក់ថា បណ្ដាប្រទេសជាច្រើននៅអាហ្រិក គឺកម្លាំងទ័ព បានបង្កឲ្យមានអសន្តិសុខ តាមរយៈការបះបោរ ឬរដ្ឋប្រហារ ហើយជាក់ស្ដែងកម្ពុជាខ្លួនឯង ការផ្លាស់ប្ដូរតាមរយៈការធ្វើរដ្ឋប្រហារ បានធ្វើឲ្យយើងវេទនា ។ អញ្ចឹងកុំឲ្យកិច្ចការងារនេះកើតឡើងវិញ បញ្ហានេះកើតមាននៅលើទឹកដីអង្គររបស់យើង គឺកងទ័ព ត្រូវតែបំពេញភារកិច្ចស្នូល ធ្វើយ៉ាងណាការពារឲ្យបាននូវសុខសន្តិភាព ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងសារដាស់តឿនទៅដល់ស្មារតីកងទ័ព ក្នុងការរក្សានូវភារកិច្ចរបស់ខ្លួន ការពារនូវសន្តិភាព ប្រជាជន ជាតិ សាសនា និងព្រះមហាក្សត្រ។ សម្ដេចថា កងទ័ពនេះហើយ គឺជាកត្តានៃសន្តិភាព និងសង្គ្រាម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកដែរថា ការបង្កើតសង្គ្រាម គឺវាងាយណាស់ ក៏ប៉ុន្តែការបញ្ចប់ទៅវិញនឹងនាំមកនូវសន្តិភាព គឺវាមានការពិបាកជាខ្លាំង។ ឧទាហរណ៍ជាក់ស្ដែង គឺទាក់ទងនឹងសង្គ្រាមនៅប្រទេសកម្ពុជា ក្រោយពីរដ្ឋប្រហារឆ្នាំ១៩៧០ ដែលធ្វើឡើងដោយយោធាសេនាប្រមុខ លន់ នល់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner