រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានបើកកិច្ចប្រជុំ ជាមួយនិង អភិបាលខេត្តកំពង់ធំ ដើម្បីរួមគ្នាពិភាក្សាដោះស្រាយករណីបណ្តឹង ពាក់ព័ន្ធនឹងស្ថានីយបូមទឹក ប្រឡាយព្រះគន្លង និងព្រះស្នែង

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាករណីបណ្តឹងរបស់ឈ្មោះ ហង់ សុគន្ធ តំណាងឱ្យឈ្មោះ សុខ មុន្នី និងឈ្មោះ ប៉េង ចន្ធី ពាក់ព័ន្ធនឹងស្ថានីយបូមទឹក ប្រឡាយព្រះគន្លង និងព្រះស្នែង ដែលស្ថិតនៅភូមិជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នៅទីស្តីការក្រសួងអធិការកិច្ច ។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូចុះអង្កេតស្រាវជ្រាវ ក៏បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលអង្កេតស្រាវជ្រាវ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ របស់គណៈប្រតិភូ ដែលបានជួបធ្វើការជាមួយអាជ្ញាធរមានសមត្ថកិច្ច មន្រ្តីជំនាញពាក់ព័ន្ធ និងតំណាងភាគីវិវាទ ម្ចាស់ស្ថានីយ តំណាងសហគមន៍ ហើយក៏បានចុះទៅពិនិត្យមើលទីតាំងស្ថានីយបូមទឹក ជូនឯកឧត្តមរដ្ឋមន្រ្តី និងអង្គប្រជុំ ។

បន្ទាប់ពីបានសា្តប់នូវសេចក្តីរាយការណ៍របស់ឯកឧត្តមប្រធានគណៈប្រតិភូ និងសេចក្តីរាយការណ៍របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំរួចមក ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដើម្បីជួយដោះស្រាយបញ្ហាបន្ទាន់ គឺការសង្រ្គោះស្រូវនៅក្នុងស្រែរបស់ប្រជាពលរដ្ឋដែលកំពុងទទួលរងនៅការខ្វះទឹកប្រើប្រាស់ក្នុងការស្រោចស្រពស្រែចំការរបស់ពួកគាត់។ ហើយឯកឧត្តមរដ្ឋមន្រ្តី នឹងរកពេលវេលាសមស្របណាមួយ រួមជាមួយឯកឧត្តមអភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំសម្របសម្រួលរវាងគូរភាគីទាំងអស់ដើម្បីរកដំណោះស្រាយឱ្យបានឆាប់។

សូមរំលឹកជូនថា ទាក់ទងនឹងករណីវិវាទនេះ លោក ហង់ សុគន្ធ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាសយដ្ឋាននៅភូមិដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាតំណាងរបស់ លោក សុខ មុន្នី និងលោកស្រី ប៉េង ចន្ទី បានដាក់ពាក្យស្នើសុំធ្វើអធិការកិច្ច ចំពោះភាពមិនប្រក្រតីរបស់រដ្ឋបាលខេត្តកំពង់ធំ លើករណីការទិញផ្តាច់ស្ថានីយបូមទឹកឯកជនចំនួន ១៩ស្ថានីយនៅទូទាំងខេត្តកំពង់ធំ។ លោក ហង់ សុគន្ធ បានអះអាងថា រដ្ឋបាលខេត្តកំពង់ធំ បានចេញដីកាលេខ ០៦០ ដខ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៥ សម្រេចប្រគល់សិទ្ធិជូន លោក លី គឹមយុន និងអ្នកស្រី ប៉េង ចន្ធី ខ្ចីដីទំហំ ៦០០ ហិកតា ជីកប្រឡាយ និងលើកទំនប់ប្រព័ន្ធប្រឡាយដើម្បីបង្កបង្កើនផលស្រូវប្រាំង និងដំណាំផ្សេងៗ ពីមាត់ស្ទឹងសែននៅតំបន់វាលក្រោមចំណុច (បឹងប្រហ៊ូត-បឹងព្រះស្នែង-បឹងធ្នឹម-បឹងទន្សោង) ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងបានចេញ ដីកាលេខ ០៧៨ ដ.ខ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០០៥ សម្រេចប្រគល់សិទ្ធិជូនលោក សុខ មុន្នី ដើម្បីជីកប្រឡាយលើកទំនប់ប្រព័ន្ធប្រឡាយទឹក ដើម្បីបង្កបង្កើនផល ធ្វើស្រែប្រដេញទឹក និងស្រែប្រាំងលើផ្ទៃដីចំនួន ១៦០០ ហិកតា ស្ថិតនៅតំបន់វាលបឹងមូល និងវាលផ្អែកដំបង របស់ឃុំកំពង់គោ និងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ប្រឡាយមេនោះ មានប្រវែងប្រហែល ២៦គីឡូម៉ែត្រ ដែលមានទទឹងមាត់លើ ៩ម៉ែត្រ ទទឹងបាតក្រោម ៦ម៉ែត្រ ជម្រៅ ៣ម៉ែត្រ និងប្រឡាយរង មានបណ្តោយសរុបប្រហែល ២១គីឡូម៉ែត្រ ដោយបានចំណាយទឹកប្រាក់រៀបចំកសាងប្រឡាយសរុបប្រហែលជាង១លានដុល្លារអាមេរិក។

សូមជម្រាបថានៅដើមឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយចាត់ចែងទិញផ្តាច់ស្ថានីយបូម ទឹកឯកជនចំនួន១៩ស្ថានីយ នៅទូទាំងខេត្តកំពង់ធំ តាមលិខិតលេខ៧៧ សជណ.ដប ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ្២០២៣ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលនៅក្នុងនោះក៏មានប្រឡាយព្រះគន្លង និងព្រះស្នែងផងដែរ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner