យន្តហោះដឹកឈ្លើយសឹកអ៊ុយក្រែន ៦៥នាក់ធ្លាក់នៅរុស្ស៊ី
មូស្គូ៖ យន្តហោះយោធាប្រភេទដឹកជញ្ជូនមួយគ្រឿង ធុន IL-76 ដែលផ្ទុកឈ្លើយសឹកជាទាហានអ៊ុយក្រែនចំនួន ៦៥នាក់ នៅថ្ងៃពុធទី២៤ ខែមករានេះ បានជួបគ្រោះថ្នាក់ធ្លាក់នៅតំបន់ Belgorod របស់រុស្ស៊ី ដែលស្ថិតនៅជិតព្រំដែនអ៊ុយក្រែន។
ទីភ្នាក់ងារព័ត៌មានរុស្ស៉ី RIA-Novosti ដោយផ្អែកលើប្រភពពីក្រសួងការពារជាតិរុស្ស៉ីចេញផ្សាយថា យន្តហោះយោធាធុន IL-76 មួយគ្រឿង ផ្ទុកមនុស្ស ៧៤នាក់ ក្នុងនោះសហសេវិក ៦នាក់ និងកងអង្គរក្ស បានធ្លាក់នៅតំបន់ Belgorod នៅម៉ោងប្រហែល១១នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។
នៅលើយន្តហោះនោះ ក៏រួមមានទាហានអ៊ុយក្រែន ៦៥នាក់ ដែលជាអ្នកទោសសង្រ្គាម និងស្ថិតក្នុងការដឹកជញ្ជូនទៅកាន់តំបន់ Belgorod ដើម្បីត្រៀមសម្រាប់ការដោះដូរ។ អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បាននិយាយថា នាពេលនេះ ក្រុមអ្នកស៊ើបអង្កេត និងក្រុមភ្នាក់ងារសេវាឆ្លើយតបបន្ទាន់ កំពុងធ្វើការនៅកន្លែងធ្លាក់យន្តហោះនោះ។
ភ្លាមៗនេះ មិនទាន់មានការបញ្ចេញប្រតិកម្មផ្លូវការណាមួយ ពីទីក្រុងគៀវនៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ុយក្រែន ដោយផ្អែកលើប្រភពពីកងកម្លាំងការពារជាតិអ៊ុយក្រែន បានរាយការណ៍ថា យោធាអ៊ុយក្រែនជាអ្នកបាញ់ទម្លាក់យន្តហោះរុស្ស៉ីខាងលើ និងអះអាងថា យន្តហោះនោះដឹកជញ្ជូនមីស៊ីល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា