រដ្ឋមន្ត្រីក្រសួងសាធារណការ៖ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា

កណ្តាល៖ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងវិស័យភស្តុភារកម្ម ដែលនឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូតចក្រភពអង់គ្លេស, ឯកអគ្គរដ្ឋទូតអូស្ត្រាលី, អនុប្រធានស្ថានទូតសហរដ្ឋអាមេរិក, ប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ នៃស្ថានអគ្គកុងស៊ុលប្រទេសស្វីសប្រចាំកម្ពុជា, លោកស្រីអគ្គនាយិកាក្រុមហ៊ុន InfraCo Asia, ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Khmer Cold Chain រដ្ឋបាលខេត្តកណ្តាល ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ភ្ញៀវកិត្តិយសជាតិ/អន្តរជាតិ និងបងប្អូនបុគ្គលិក កម្មករ និយោជិត ជាច្រើនរូបទៀត ។

ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានមានប្រសាសន៍ថា ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់នេះ មានទីតាំងស្ថិតនៅក្នុងបរិវេណចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដោយក្រុមហ៊ុន InfraCo Asia សហការជាមួយកំពង់ផែស្វយ័តភ្នំពេញ ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ និង USAID ក្រោមជំនួយឧបត្ថម្ភពី ប្រទេសអង់គ្លេស អូស្ត្រាលី ស្វីស និងហូឡង់។ ឃ្លាំងនេះមានសមត្ថភាពស្តុកទំនិញបាន ៥ ៨២៧ម៉ែត្រគូប ជាមួយនឹងកម្រិតសីតុណ្ហភាពចាប់ពី -២២°C ដល់ ១៥°C។

ឯកឧត្តម ហ៊ឺ បាវី បន្ថែមថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ ក្នុងវិស័យភស្តុភាកម្មនៅកម្ពុជា នេះ មិនត្រឹមតែដើរតួរនាទីជាអ្នកផ្តល់សេវាកម្ម ការលើកដាក់ និងស្តុកទំនិញត្រជាក់ប៉ុណ្ណោះទេ ថែមទាំងជំរុញរភ្ជាប់វិស័យភស្តុភាកម្មរបស់កម្ពុជា ទៅទីផ្សារពិភពលោកផងដែរ។ ឃ្លាំងថ្មីនេះ នឹងគាំទ្រដល់អជីវករធុរជន ដែលអាជីវកម្មត្រូវការសីតុណ្ហភាពត្រជាក់ មានដូចជាបន្លែ ផ្លែឈើ អាហារ ត្រីសាច់ អាហារសមុទ្រ ទឹកដោះគោ និងឪសថជាដើម។ ហេដ្ឋារចនាសម្ព័ន្ធឃ្លាំង ដែលដាក់សម្ពោធឱ្យប្រើប្រាស់ ក្នុងពេលនេះ មានទំហំសរុបចំនួន៦.០០០ម៉ែតគីប ដែលបានបែងចែកតំបន់ មានដាច់ដោយឡែកពីគ្នា ហើយអាចស្តុបបាននូវទំនិញជាច្រើនប្រភេទ តាំងពីសីតុណ្ហភាពធម្មតា រហូតដល់សីតុណ្ហភាព ដក២៥អង្សាសេ។

ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានចាត់ទុកវត្តមាននៃសេវាកម្មឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់នេះ ពិតជានឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយបង្កើននូវបរិមាណទំនិញឆ្លងកាត់ កំពង់ផែស្វយ័តភ្នំពេញផង សម្រួលដល់អ្នកប្រើប្រាស់ទូទៅ ដើម្បីមានជម្រើសបន្ថែម សម្រាប់អាជីវកម្មនាំទំនិញចេញ-ចូល ទៅរវាងទីផ្សារអន្តរជាតិ និងនៅកម្ពុជា ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានលើកឡើងថា ឃ្លាំងត្រជាក់មួយខ្នងនេះ នឹងជួយបំពេញបន្ថែមនូវមុខងាររបស់ចំណតផែកុងតឺន័រ LM17 ដែលនឹងធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញទទួលបាននូវកំណើនបរិមាណកុងតឺន័រឆ្លងកាត់ ដោយឃ្លាំងនេះ នឹងផ្តល់នូវតម្លៃសេវាបន្ថែម ជាពិសេស សេវាស្តុកទំនិញត្រជាក់ ស្របតាមស្តង់ដារអន្តរជាតិ។ ជាងនេះទៅទៀត ឃ្លាំងនេះនឹងចូលរួមគាំទ្រផែនការអាទិភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា រួមទាំងការធ្វើកំណែទម្រង់ធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីកកាន់តែមានភាពប្រកួតប្រជែង និងការផ្តល់សេវាកាន់តែមានភាពឆាប់រហ័ស្ថ តម្លាភាព និងប្រសិទ្ធភាព។ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលសម្រេចបានទាំងនេះ បាននិងកំពុងឆ្លើយតបទៅនឹងចក្ខុវិស័យ របស់ក្រសួង កម្មវិធីនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសស្របទៅនឹង ទិសដៅក្នុងការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានយកឱកាសនេះថ្លែងអំណរគុណចំពោះកំពង់ផែស្វយ័តភ្នំពេញ ក៏ដូចជាក្រុមហ៊ុន Khmer Cold Chain និងក្រុមហ៊ុន InfraCo Asia ដែលសហការគ្នាបានយ៉ាងល្អប្រសើរក្នុងការសម្រេចនូវសមិទ្ធផលឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់នេះឡើង និងបានស្នើឱ្យក្រុមហ៊ុនបន្តសហការបន្ថែមទៀតជាមួយកំពង់ផែស្វយ័តភ្នំពេញ ដើម្បីធ្វើឱ្យ ប្រសើរឡើងនូវការផ្តល់សេវាប្រកបដោយគុណភាពដល់បណ្តាក្រុមហ៊ុនដែលមានតម្រូវការ ប្រើប្រាស់ឃ្លាំងត្រជាក់នេះ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី កម្មករ និយោជិតទាំងអស់ បន្តយកចិត្តទុកដាក់បំពេញការងារឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសបន្តការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍកំពង់ផែ ចំណតផែ និង ឃ្លាំងស្តុកទំនិញឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីធានាបាននូវប្រតិបត្តិការសេវាកម្មស្របតាម តម្រូវការរបស់អតិថិជន ៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner