រដ្ឋបាលខេត្តក្រចេះបកស្រាយជុំវិញការចោទប្រកាន់អំពើរំលោភដី (Video Inside)
ការផ្ញើសារមួយចោទប្រកាន់អំពើរំលោភដីពលរដ្ឋក្នុងខេត្តក្រចេះ ផ្ញើចូលក្នុងប្រព័ន្ធតេឡេក្រាម របស់សម្តេចតេជោ ហ៊ុន សែន បានប្រញាប់ឱ្យរដ្ឋបាលខេត្ត ធ្វើការបកស្រាយបំភ្លឺ។
រដ្ឋបាលខេត្តក្រចេះក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី២៤ មករា ឆ្នាំ២០២៤ បានសរសេរថា ការផ្ញើសាររបស់គណនីឈ្មោះគ្រូ ឈង ចូលក្នុងតេឡេក្រាមសម្តេចតេជោ គឺ «ជាការបំភាន់ព័ត៌មាន និងប្រឌិតរឿងឡើង ក្នុងគោលបំណងបង្ខូចកិត្តិយសមន្ត្រីរាជការ អាជ្ញាធរ» ខេត្តក្រចេះ។
គណនីឈ្មោះគ្រូឈង ក្នុងសារតាមតេឡេក្រាមថ្មីៗនេះ បានសរសេរប្រាប់សម្តេចតេជោថា «នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ មានមន្ត្រីពាក់ព័ន្ធខោអាវស៊ីវិល មកប្លន់ដីប្រជាពលរដ្ឋ»។
រដ្ឋបាលខេត្តក្រចេះ ក្នុងសេចក្តីប្រកាសព័ត៌មានបានរៀបរាប់ ជុំវិញដីសម្បទានសង្គមកិច្ច ពាក់ព័ន្ធនឹងការចោទប្រកាន់ ដែលគេរក្សាទុកសម្រាប់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងដីច្រើនឡូតិ៍ផ្សេងទៀត សម្រាប់ផ្តល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំហាន់ជ័យ ក្នុងឆ្នាំ២០២៤។
រដ្ឋបាលខេត្ត បានបញ្ជាក់ថាគណនីតេឡេក្រាមឈ្មោះគ្រូឈង ដែលមានឈ្មោះពិតប្រាកដ លឹម សុខឈង រស់នៅភូមិជ្រោយថ្មក្រោម, ឃុំឆ្លូង ក្នុងស្រុកឆ្លូងនោះ កន្លងមកបានធ្វើសកម្មភាពចូលទន្ទ្រាន និងកាន់កាប់ដីសម្បទានសង្គមកិច្ចជាច្រើនលើក។
រដ្ឋបាលខេត្តបញ្ជាក់បន្តថា «ថ្មីៗនេះ បុគ្គលនេះ បានសង់រោងដែក ដាំដុះដំណាំ និងដាំបង្គោលភ្លើង បំពាក់សូឡា នៅលើទីតាំងដីសង្គមកិច្ច ទោះបីជាអាជ្ញាធរឃុំ ស្រុក បានណែនាំដោះស្រាយ និងហាមឃាត់ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏បុគ្គលនេះមិនអនុវត្តតាមការណែនាំឡើយ»។
ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តដដែល បានចោទប្រកាន់វិញថា គឺបុគ្គលឈ្មោះ លឹម សុខឈង នោះទេ ដែលជាមនុស្សចូលទៅទន្ទ្រានកាន់កាប់ លើទីតាំងដីសម្បទានសង្គមកិច្ចនោះ។