រកឃើញអ្នកឆ្លងអុតស្វាម្នាក់ទៀត (Video Inside)
ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីជំងឺអុតស្វាចំនួន ១ករណីបន្ថែមទៀត ដែលនាំឲ្យការរកឃើញអ្នកឆ្លងជំងឺអុតស្វានៅកម្ពុជា បានកើនឡើងចំនួន ៥ករណីហើយ។
យោងតាមសេចក្តីប្រកាសមួយនាថ្ងៃទី២៣មករា ការរកឃើញករណីឆ្លងថ្មីនេះ បានកើតឡើងលើបុរសម្នាក់ ដែលកំពុងដាក់ឱ្យស្ថិតនៅដោយឡែក ក្នុងមន្ទីរពេទ្យយ៉ាងត្រឹមត្រូវ។
ជម្ងឺអុតស្វា ត្រូវគេរកឃើញកើតឡើងដំបូង ក្នុងប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកទើបមានការកើតជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។
ជម្ងឺអុតស្វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗតាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូក ជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារៈ ស្លាបព្រា ចាន និងកែវទឹកជាដើម។ វិរុសអុតស្វា ក៏អាចឆ្លងពីម្តាយទៅកូនតាមរយៈ ទងសុក ក្នុងអំឡុងពេល ឬក្រោយពេល សម្រាលតាមរយៈការប៉ះពាល់បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។
ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការឆ្លង នៃជំងឺអុតស្វានេះ។