រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជំរុញមន្ត្រីដោះស្រាយរឿងគ្រឿងញៀនដោយម៉ឺងម៉ាត់ (Video Inside)

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងប្រាប់មន្ត្រីក្រោមបង្គាប់ ត្រូវអនុវត្តដោយម៉ឺងម៉ាត់បំផុត ចំពោះមេខ្លោងជួញដូរគ្រឿងញៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់សង្គម និងប្រទេសជាតិ។

លោករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថា «យើងមិនត្រូវអង្គុយបក់ផ្សែងទៀតទេ ប៉ុន្តែត្រូវនាំគ្នាពន្លត់ភ្លើងតែម្តង»។ សម្តីដាស់តឿននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ប្រសិទ្ធភាព នៃកិច្ចការនាំពាក្យព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី» នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បញ្ហាបង្ក្រាបគ្រឿងញៀន គឺជាវិធានការណ៍គន្លឹះទី៤ ដាក់ចេញដោយរាជរដ្ឋាភិបាល អាណ្ណត្តិទី៧ នៃរដ្ឋសភា។ លោករដ្ឋមន្ត្រី កើត រិទ្ធ បានព្រមានដល់មន្ត្រីរបស់លោកថា រឿងគ្រឿងញៀននេះ បើមានការពាក់ព័ន្ធនឹងផលប្រយោជន៍ ជាមួយមេគ្រឿងញៀនណាហើយ គឺលោកនឹងចាត់ការលើមន្ត្រីនោះ ដោយកណ្តាប់ដៃផ្ទាល់របស់លោកតែម្តង។

លោកបញ្ជាក់ថា នេះមិនមែនជាបញ្ហារបស់អ្នកណាមួយនោះទេ ប៉ុន្តែជាបញ្ហារបស់ប្រទេសជាតិទាំងមូល និងជាបទបញ្ជារបស់សម្តេចប្រមុខរាជរដ្ឋាភិបាល។

ads banner