ចាប់គ្រឿងញៀនជាង ១,៥០០គីឡូនៅខេត្តព្រះសីហនុ និងភ្នំពេញ (Video Inside)

គ្រឿងញៀនជាង ១ពាន់ ៥០០គីឡូក្រាម និងជនសង្ស័យចំនួន ៥នាក់ ត្រូវសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បង្រ្កាបបាននៅ ៣ទីតាំងផ្សេងគ្នា ក្នុងនោះនៅខេត្តព្រះសីហនុមាន២កន្លែង និងមួយកន្លែងទៀតនៅរាជធានីភ្នំពេញ។

យោងតាមក្រសួងមហាផ្ទៃ, ប្រតិបត្តិការបង្ក្រាបទី១ បានធ្វើនៅចំណុចកំពង់ផែកំពេញ ស្ទឹងហាវ ដោយឃាត់ខ្លួនមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវ ឆ្លងកាត់កម្ពុជា ក្នុងគម្រោងចេញតាមសមុទ្រសំដៅទៅដែនកោះតៃវ៉ាន់។ ការបង្ក្រាបទី២ ធ្វើឡើងនៅក្នុង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ…ចំណែកប្រតិបត្តិការទី៣ ធ្វើឡើងនៅខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការទាំងបីកន្លែងនេះ, សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាតិចិន ចំនួន ៤នាក់ និងសិង្ហបូរី១នាក់។ សមត្ថកិច្ចបានរឹបអូសថ្នាំញៀនប្រភេទកេតាមីន១ពាន់ដុំ ស្មើទម្ងន់ ៩៨០គីឡូ និង៨០០ក្រាម, គ្រឿងញៀនមេតំហ្វេតាមីន(ICE) ៥៣៤ដុំ ទម្ងន់ ៥៣២គីឡូ និង៦០៩.៦០ក្រាម។

ជនសង្ស័យទាំង៥ និងវត្ថុតាង ត្រូវបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ និងបន្តស្វែងរកមេក្លោង និងអ្នកដែលពាក់ព័ន្ធ ដើម្បីយកមកផន្តន្ទាទោស។

នៅក្នុងសប្តាហ៍នេះ ការបង្រ្កាបបានបទល្មើសគ្រឿងញៀន ក្នុងលក្ខណៈទ្រង់ទ្រាយធំបែបនេះ មានចំនួន ២ករណីហើយ។ ការបង្ក្រាបទ្រង់ទ្រាយធំមួយកាលពីយប់ថ្ងៃទី២០មករា នៅក្នុងខេត្តព្រះវិហារ, សមត្ថកិច្ចបានរកឃើញគ្រឿងញៀនជាង ១តោន ទុកចោលនៅលើរថយន្ត ប៉ុន្តែគេមិនទាន់រកឃើញជនពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀននោះឡើយ។

ads banner