មេដឹកនាំតួកគី និងអ៊ីរ៉ង់ ប្តេជ្ញាទប់ស្កាត់អំពើហិង្សានៅតំបន់ហ្គាហ្សា

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ នៅថ្ងៃពុធទី២៤ ខែមករានេះ ថ្លែងថា លោក និងសមភាគីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី ដែលកំពុងបំពេញទស្សនកិច្ចក្នុងរដ្ឋធានីអង់ការ៉ា បានព្រមព្រៀងគ្នាលើតម្រូវការបញ្ចៀសសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ពីការលេបត្របាក់តំបន់មជ្ឈិមបូព៌ាទាំងមូល។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក រ៉ៃស៊ី ទៅជួបសមភាគីតួកគី លោក តាយយីប អឺដូហ្កាន់ កើតឡើងស្របពេលដែលសង្រ្គាមនៅតំបន់ហ្គាហ្សា ចាប់ផ្តើមបង្កើតភាពតានតឹង និងបង្កើនការប្រយុទ្ធគ្នានៅទូទាំងតំបន់មជ្ឈឹមបូព៌ា។ តួយ៉ាង សហរដ្ឋអាមេរិក និងអង់គ្លេសបានបង្កើនការវាយប្រហារតាមផ្លូវអាកាសរួមគ្នា ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកនៅយេម៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកគេ លើផ្លូវដឹកជញ្ជូនសមុទ្រក្រហម។

លោក អឺដូហ្កាន់ ថ្លែងថា លោក និងលោក រ៉ៃស៊ី បានព្រមព្រៀងគ្នាលើតម្រូវការ ដើម្បីបញ្ចៀសសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ពីការវាយលុកតំបន់មជ្ឈិមបូព៌ាទាំងមូល។ លោក អឺដូហ្កាន់ បន្តថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាលើតម្រូវការ ក្នុងការទប់ស្កាត់អំពើហិង្សានៅហ្គាហ្សា និងបង្កើនការប្រយុទ្ធប្រឆាំងនឹង “អំពើភេរវកម្ម”។ លោក រ៉ៃស៊ី បានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថាជាសាធារណៈរបស់គាត់ថា វាចាំបាច់សម្រាប់ប្រជាជាតិទាំងអស់ ដើម្បីកម្រិតទំនាក់ទំនងរបស់ពួកគេជាមួយរបបអ៊ីស្រាអែល (Zionist)។

លោក រ៉ៃស៊ី បានគូសបញ្ជាក់ថា យើងគួរតែមានវិធានការ ដើម្បីរារាំងរបបអ៊ីស្រាអែល និងអំពើឃោរឃៅរបស់ពួកគេ។ លោកថា ការកាត់សរសៃឈាមសំខាន់ៗនៃរបបអ៊ីស្រាអែល និងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច អាចមានប្រសិទ្ធភាព ក្នុងការបង្ខំឱ្យរបបអ៊ីស្រាអែលបញ្ចប់អំពើឃោរឃៅនៅតំបន់ហ្គាហ្សា។

នាឱកាសនោះដែរ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់ចំនួន ១០ ដែលមានគោលបំណងជំរុញពាណិជ្ជកម្មប្រចាំឆ្នាំរវាងតួកគី និងអ៊ីរ៉ង់ កើនឡើងដល់ ៣០ពាន់លានដុល្លារ។ អ្នកវិភាគបានប៉ាន់ប្រមាណថា ទំហំពាណិជ្ជកម្មបច្ចុប្បន្នមានចំនួន ៦ពាន់លានដុល្លារប៉ុណ្ណោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner