ផ្ទុះបាតុកម្មប្រឆាំងកំណែទម្រង់គោលនយោបាយថវិការបស់ប្រធានាធិបតី អាហ្សង់ទីន
ប្រជាជនអាហ្សង់ទីនរាប់ម៉ឺននាក់ កាលពីថ្ងៃពុធ បានចេញប្រឆាំងតវ៉ានឹងគោលនយោបាយកាត់បន្ថយថវិការបស់លោកប្រធានាធិបតី Javier Milei បន្ទាប់ពីលោកបានចូលកាន់តំណែងទើបបានប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។
មនុស្សម្នាបានប្រមូលផ្តុំគ្នា នៅខាងក្រៅសភា នៅក្នុងទីក្រុងដ៏សំខាន់ Buenos Aires សម្រាប់បាតុកម្មដ៏ធំបំផុតមួយ មិនធ្លាប់មាន ក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ។ បាតុកម្មរបស់ពួកគេក៏កើតមាន បន្ទាប់ពីមានកូដកម្មរបស់ក្រុមសហជីពការងារ នៅក្នុងប្រទេសស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ។
ក្រុមអ្នកតវ៉ាបានលើកស្លាក ដែលសរសេរថា «ស្រុកកំណើតរបស់យើង មិនមែនសម្រាប់លក់ទេ»និង ពាក្យស្លោក «ការហូបចុក មិនមែនជាឯកសិទ្ធិទេ» ។ ពួកគេបានដើរដង្ហែរក្បួន ដោយបានវាយស្គរ និងមានសំឡេងផ្ទុះកាំជ្រួច ព្រមទាំងបានប្រារព្ធការតវ៉ា នៅលើរូបចម្លាក់ដ៏ធំ របស់ លោក Milei ទៀតផង។
រដ្ឋមន្ត្រីសន្តិសុខ លោកស្រី Patricia Bullrich អះអាងថា ចំនួនកម្មករធ្វើកូដកម្មនៅទីក្រុង Buenos Aires មានចំនួនត្រឹម ៤០,០០០នាក់ បើទោះបីជា ខាងបាតុកម្មថា មានដល់ទៅរាប់ម៉ឺននាក់ក៏ដោយ។
មេដឹកនាំសហជីព CGT លោក Hector Daer បានប្រាប់ក្រុមបាតុករថា «យើងមកដើម្បីការពារលទ្ធិប្រជាធិបតេយ្យ រយៈពេល ៤០ ឆ្នាំ នៃការការពារមាតុភូមិ» ។
គួរបញ្ជាក់ថា ក្រោយពេលឡើងកាន់អំណាចកាលពីខែធ្នូ បានរយៈពេល១០ថ្ងៃ ភ្លាមៗ លោក Javier Milei ប្រធានាធិបតីថ្មីបានប្រកាសពីកំណែទម្រង់ដ៏ទូលំទូលាយដែលកាត់បន្ថយការការពារកម្មករមួយចំនួន លុបចោលពិដានតម្លៃលើថ្លៃជួល ថែមទាំងដកចេញវិធានការត្រួតពិនិត្យតម្លៃលើទំនិញប្រើប្រាស់មួយចំនួន។
កម្រិតនៃភាពក្រីក្រ នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទីបីប្រចាំតំបន់អាមេរិកឡាទីនមួយនេះ គឺនៅកម្រិត ៤០ភាគរយ ហើយប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងអតិផរណា ប្រចាំឆ្នាំ ដែលលើសពី ២០០ ភាគរយ បន្ទាប់ពីការគ្រប់គ្រងមិនត្រឹមត្រូវ ជាច្រើនទសវត្សរ៍។
រដ្ឋាភិបាលប្រទេសអាហ្សង់ទីន បានប្តេជ្ញាប្រកាន់ខ្ជាប់នូវផែនការកំណែទម្រង់របស់ខ្លួន ហើយលោកស្រី Bullrich បានបរិហារ ក្រុមសហជីពកម្មករ ជាក្រុមម៉ាហ្វីយ៉ា, អ្នកគ្រប់គ្រងភាពក្រីក្រ, ចៅក្រមស្មុគស្មាញ និងអ្នកនយោបាយពុករលួយ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត