យុទ្ធនាការចុះផ្សព្វផ្សាយបង្កាជំងឺផ្ដាសាយបក្សីនៅស្រុកចំនួនបីនៃខេត្តកំពង់ឆ្នាំងបានបញ្ចប់
កំពង់ឆ្នាំង៖ យុទ្ធនាការផ្សព្វផ្សាយបង្កាជំងឺផ្ដាសាយបក្សី របស់ ក្រុម ការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង ក្រសួង សុខាភិបាលបានបញ្ចប់កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីផ្សព្វផ្សាយរយៈពេលពីរថ្ងៃ នៅឃុំ ចំនួនបួន ក្នុងស្រុកចំនួនបីនៃទឹកដីខេត្តកំពង់ឆ្នាំង។យុទ្ធនាការ នេះមានការចូលរួមពីប្រជាពលរដ្ឋសហគមន៍និងសិស្សានុសិស្ស យ៉ាង ច្រើនកុះករ។
លោក ឡាយ យឺ មេឃុំចោងម៉ោង ស្រុកទឹកផុស បានបញ្ជាក់ ថាការផ្សព្វផ្សាយបង្កាជំងឺផ្ដាសាយបក្សីមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ សម្រាប់សហគមន៍។តាមរយៈ យុទ្ធនាការបានធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងពីវិធានការ ការពារ មិនឱ្យឆ្លងជំងឺ ដ៏កាចសាហាវនេះ។
ចំណែក លោក ព្រុំ ថន មេឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ក៏បាន ថ្លែងនូវអំណរគុណដល់ក្រុមការងាររបស់ក្រសួងកសិកម្ម មន្ទីរកសិកម្ម ក្រសួងសុខាភិបាលដែលបានយកចិត្ត ទុកដាក់ចុះ មកផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ឱ្យបាន យល់ដឹងពីជំងឺផ្ដាសាយបក្សីព្រោះកន្លងមកពុំទាន់មានក្រុមការងារណាមកផ្សព្វផ្សាយពីជំងឺនេះដល់ឃុំរបស់លោកនោះទេ។
ចំណែកយុវសិស្សវិទ្យាល័យទ័ពស្រូវ ក្នុងឃុំបន្ទាយព្រាល ក៏បាន សន្យាថា នឹងយកចំណេះដឹងនេះទៅប្រាប់បន្តដល់មិត្តភក្តិ ឪពុកម្ដាយ ដើម្បីឱ្យពួកគាត់ចេះពីវិធីបង្កាមិនឱ្យឆ្លងជំងឺនេះ។
មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងឱកាស ផ្សព្វផ្សាយ បានប្រាប់ថា ចាប់តាំងពីឆ្នាំ២០០៤មក ដល់ចុងឆ្នាំ ២០២៣ នៅកម្ពុជាជំងឺផ្ដាសាយបក្សី បានសម្លាប់មនុស្សចំនួន ៦០នាក់ ។ក្នុងនោះក្នុងអំឡុងឆ្នាំ ២០២៣ បានសម្លាប់ មនុស្ស បួននាក់ដែលមាននៅខេត្តស្វាយរៀងមួយនាក់ ,ខេត្តព្រៃវែង ពីរនាក់ និងខេត្តកំពតមួយនាក់៕
ដោយ៖សុខ គឹមសៀន
