កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការចាប់ផ្តើមអនុវត្តគម្រោងការចង្ក្រងវិស័យកសិកម្មនិងការប្រែប្រួលអាកាសធាតុនៅអាស៊ី
សៀមរាប៖រយៈពេលពីរថ្ងៃចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២៤នាថ្ងៃទី២៤ ខែមករាសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង គម្រោង ស្ដីពី “ការចង្ក្រងវិស័យកសិកម្មនិងការប្រែប្រួល អាកាស ធាតុនៅអាស៊ី” នៅសណ្ឋាគារអង្គរ ប៉ារ៉ាឌី។
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថាគោលបំណងក្នុងកិច្ចប្រជុំសំខាន់ នៃគម្រោងនេះ គឺ ១. ដើម្បីលើកកម្ពស់ការច្នៃប្រឌិតកសិកម្ម នៅ អាស៊ីដោយការបង្កើនសមត្ថភាពច្នៃប្រឌិតរបស់គ្រឹះស្ថាន ទាំងប្រាំនៅប្រទេសកម្ពុជានិងបង់ក្លាដែសដែលជាប្រទេសអភិវឌ្ឍកសិកម្មតិចតួចបំផុតនិងប្រឈមមុខនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ទី២. ដោយការផ្តល់ជូនកសិករ និង អ្នក ប្រកបអាជីវកម្មកសិឧស្សាហកម្ម និងរកដំណោះស្រាយ សម្រាប់ កំណើនអាជីវកម្មប្រកបដោយនិរន្តរភាពនិងបន្សាំភាព ធន់ទៅនឹងអាកាសធាតុ។ទី៣.ពង្រឹងសមត្ថភាពរបស់គ្រឹះ ស្ថាន អប់រំឧត្តមសិក្សាដោយការបណ្តុះបណ្តាលបុគ្គលិកសិក្សារបស់ពួកគេនៅក្នុងវគ្គសិក្សាថ្មីនិងវិធីសាស្រ្តចែកចាយសមស្របនិងជំរុញទំនាក់ទំនងមនុស្សកាន់តែច្រើនតាម រយៈការផ្លាស់ប្តូរ និស្សិត និងបុគ្គលិក ដែលអាចអនុញ្ញាតបានតាមរយៈបណ្ដាញ សកលតំបន់ និង សមាគមនៃគ្រឹះស្ថានឧត្តមសិក្សានៅអាស៊ាន និងសហគមន៍អឺរ៉ុប។
ឯកឧត្តម បានបន្តថា បច្ចុប្បន្នសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បាននឹងកំពុងដឹកនាំនិងសម្របសម្រួលអនុវត្តគម្រោង ខាងលើដែលមានរយៈពេល ៣ឆ្នាំ (២០២៤-២០២៦) ដែល ទទួលបានថវិកាពីមូលនិធិសហភាពអឺរ៉ុប (Erasmus+ CBHE) ។ គម្រោងនេះមាន កិច្ចសហប្រតិបត្តិការរវាងសាកល វិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងដៃគូ អនុវត្តគម្រោងចំនួន ១២ (នាយកដ្ឋានឧត្តមសិក្សា សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យ ជាតិគ្រប់គ្រង សហគមន៍ កសិកម្មតាសី សម្រាប់ដៃគូរក្នុង ស្រុក) ដោយនៅអាស៊ីមានចំនួន ២ប្រទេស គឺកម្ពុជា និង បង់ក្លាដេស (សាកលវិទ្យាល័យកសិកម្មបង់ក្លាដេស សាកល វិទ្យាល័យកសិកម្មស៊ីឡេត សហគមន៍សេដ្ឋកិច្ច កសិកម្មបង់ ក្លាដេស) និងនៅសហគមន៍អឺរ៉ុប (សាកលវិទ្យាល័យអាហឺស ប្រទេសដាណឺម៉ាក់ សាកល វិទ្យាល័យជាតិកាពូស្មៀន ទីក្រុង អាតែន និងស្ថាប័នស្រាវជ្រាវនិងអភិវឌ្ឍមន្ទីពិសោធន៍ នៃប្រទេស ក្រិក) មានចំនួនពីរប្រទេសគឺក្រិកនិងដាណាម៉ាក់៕
ដោយ៖ ស៊ាន សុផាត