ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវតែមានភាពរឹងមាំ ដោយផ្អែកលើកត្តាមូលធនមនុស្ស
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងត្រូវតែមានភាពរឹងមាំ ដោយផ្អែក លើកត្តាមូលធនមនុស្ស គឺត្រូវគិតគូរលើការបណ្តុះបណ្តាលសមត្ថភាពដល់ មន្ត្រីរាជ ការបម្រើការងារនៅក្រសួងបន្ថែមទៀត និងត្រូវមានការឯកភាពរួមគ្នាមួយលើការ ទទួល ស្គាល់រាល់ការចាត់តាំងតួនាទីភារកិច្ច ឬការដំឡើងឋានន្តរសក្តិនិងថ្នាក់ ហើយត្រូវខិតខំប្រឹងប្រែងកសាងកែលំអសមត្ថភាពរបស់ខ្លួនធ្វើយ៉ាងណាអោយក្លាយទៅជាថ្នាក់ដឹកនាំ និងមន្ត្រីដែលប្រកបដោយការទទួលខុសត្រូវនិងទទួលបាន ការគោរពពិតប្រាកដ។
នេះជាប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំដំឡើងឋានន្តរសក្តិនិងថ្នាក់ជូនមន្ត្រីរាជការ នារសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយសំអាល់ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ធ្វើឡើងដើម្បីដាក់ចេញនូវវិធានការគោលនយោបាយលើកកម្ពស់សមត្ថភាព និងបណ្តុះ បណ្តាលមន្ត្រីរាជការ ដែលជាវិធានការមួយទាក់ទិន នឹងគោលនយោ បាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ និងចំណុចអាទិភាពរបស់សម្ដេច មហា បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកំណែទម្រង់ មុខងារសាធារណៈ ដែលរួមមាន ៖ ការពង្រឹងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាព ស្ថាប័ន និងការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្ត្រី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រកាន់គោលជំហរដឹកនាំជាសមូហភាព ដើម្បីបង្កើន ភាពរឹងមាំ និងសាមគ្គីភាពនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តមជឿជាក់ថា ការអនុវត្តការងារជាប្រព័ន្ធនឹងអាចសម្រេចបានលទ្ធផល ការងារល្អប្រសើរ ពីព្រោះរាល់ការងារទាំងអស់ត្រូវការកិច្ចសហការ ឯកភាពគ្នា ទៅវិញទៅមក ដោយមិនអាចសម្រេចអនុម័តតែឯកឯងបានឡើយ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានស្នើសុំឲ្យមានការ ឯកភាពរួមចំពោះវិធានការគោលនយោបាយសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដោយផ្អែកលើរបាយការណ៍ដែល បានដាក់ជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត និងសម្ដេចតេជោហ៊ុនសែន ហើយទទួលបានការឯកភាព ដោយត្រូវគិតគូរពីអតីតភាពការងាររបស់ មន្ត្រីជាប់ កិច្ចសន្យា និងត្រូវវាយតម្លៃសមត្ថភាពការងាររបស់មន្ត្រីដែលត្រូវដំឡើង ឋានន្តរសក្កិ និងថ្នាក់ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារក្រោមឱវាទក្រសួងក្នុងការបម្រើជាតិនិងប្រជាជន។
សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានដាក់ចេញនូ វ គោលនយោបាយរួមគឺការកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើបរបស់ ក្រសួង សម្រាប់នីតិកាលទី ៧ ស្របតាមស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺការពង្រឹង និងការកែទម្រង់ស្ថាប័នតាមរយៈការកសាងរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់ ខ្លាំង មានភាពជឿជាក់លើខ្លួនឯង វៃឆ្លាត ស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ៕
ដោយ / គ្រី សម្បត្តិ