រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ស្នើថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់អង្គភាព របស់ ក្រសួងចំនួន ៦ចំណុច ដើម្បីបន្តដោះស្រាយ
(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅសាលសន្និសិទចតុម្មុខ រាជធានីភ្នំពេញ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ស្នើគ្រប់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់អង្គភាពរបស់ក្រសួង ចំនួន ៦ចំណុច ដោយបន្តយកចិត្តទុកដាក់ និងដាក់ចេញ នូវសកម្មភាពជាក់ស្តែង ដើម្បីបន្តដោះស្រាយបញ្ហាមួយចំនួន ។
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានអោយដឹងថា នៅក្នុងសន្និបាតរយៈពេល ១ថ្ងៃកន្លះ របស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ អង្គសន្និបាត បានលើកឡើងពីបទអន្តរាគមន៍សរុបចំនួន ៩ យកមកពិភាគក្សារួមមាន៖ បទ បង្ហាញគន្លឹះស្តីពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, និងបទបង្ហាញអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត របស់ អគ្គនាយក ដ្ឋានបេតិកភណ្ឌ, អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌, អគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុ, អាជ្ញាធរជាតិអប្សរា, អាជ្ញាធរជាតិព្រះវិហារ, អាជ្ញាធរជាតិសំបូរព្រៃគុក, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, និងសាលាមធ្យមវិចិត្រសិល្បៈ។ ជាលទ្ធផលរួម កម្មវិធីបើក និងកិច្ចពិភាក្សាក្នុងសន្និបាត បានដំណើរការទៅដោយរលូន និងក្នុងបរិយាកាសបើកទូលាយ ព្រមទាំងមានការចោទសួរដោយផ្ទាល់ និងការលើកឡើងនូវចម្ងល់ មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានា រវាងសមាជិក សមាជិកានៃអង្គសន្និបាតជាមួយ លោកជំទាវបណ្ឌិត សភាចារ្យរដ្ឋមន្ត្រី ផងដែរ។
ក្នុងឱកាសនេះ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានឯកភាពរបាយការណ៍បូកសរុបសន្និបាត ដោយរួមបញ្ចូលទាំងតួលេខវឌ្ឍនភាពការងារឆ្នាំ២០២៣ និងការសម្រេចបាន លើសពីផែនការប្រចាំឆ្នាំ ដែលឆ្លើយតបទាំងស្រុងទៅនឹងសូចនាករគន្លឹះទាំង ៣របស់ក្រសួង ។
លោកជំទាវរដ្ឋមន្ត្រី ក៏បានស្នើគ្រប់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់កម្រិតនៃគ្រប់អង្គភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវ បន្តយកចិត្តទុកដាក់និងដាក់ចេញនូវសកម្មភាពជាក់ស្តែង ដើម្បីបន្តដោះស្រាយបញ្ហាមួយចំនួនរួមមាន៖
ទី១. លទ្ធផលថយចុះនៃបទល្មើសមកលើសម្បត្តិវប្បធម៌រូបីនិងអរូបីក្នុងឆ្នាំ២០២៣ មិនមែនជាសញ្ញា បញ្ចប់នៃបទល្មើស ឬនឹងមានការបន្ដថយចុះដោយស្វ័យប្រវត្តិនោះទេ, ទី២. តាមរយៈផែនការអាទិភាពទាំង៦ចំណុច រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពមកក្រសួងវប្បធម៌និង វិចិត្រសិល្បៈរៀបចំកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា ដែលមកទល់បច្ចុប្បន្ន យើងបានឈានមកដល់ការ បង្កើតគម្រោងពេញលេញនិងបានផ្សព្វផ្សាយដល់មជ្ឈដ្ឋានយុវជននៅតាមបណ្តារាជធានី-ខេត្តទាំង៨ ជា ពិសេសយុវជនដែលស្ថិតក្នុងគ្រួសារដែលងាយរងហានិភ័យ, ទី៣. ដំណើរការកែសម្រួលផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៤-២០២៨ គឺត្រូវផ្អែកជាចាំបាច់លើយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល, ទី៤. ភាពជោគជ័យនៃកិច្ចការអភិរក្សនិងអភិវឌ្ឍវិស័យវប្បធម៌ ទាំងរូបីនិងអរូបី កើតចេញមួយផ្នែក សំខាន់ពីការចូលរួមរបស់ស្ថាប័នជាតិ-អន្តរជាតិ វិស័យឯកជន ជាអាទិ៍ សកម្មភាពជួសជុលថែទាំប្រាសាទ សិល្បៈ ចម្រៀង ភាពយន្ត ប្រពៃណី អក្សរសាស្ត្រ និងបរិស្ថានជាដើម, ទី៥. តម្រូវការក្នុងការពិនិត្យ រៀបចំឡើងវិញ និងការកែសម្រួលឱ្យត្រូវតាមស្ថានភាពជាក់ស្តែងនៃឯកសារ គតិយុត្ត គឺជាអាទិភាពដែលត្រូវសម្រេចឱ្យបាននៅដំណាច់ឆ្នាំ២០២៤នេះ ឬយូរបំផុតនៅដើមឆ្នាំ២០២៥ និងទី៦. ដើម្បីសម្រួលដល់ការប្រមូលទិន្នន័យគ្រប់វិស័យរបស់ក្រសួង សូមគ្រប់អង្គភាពប្រើប្រាស់ទម្រង់ ប្រមូលទិន្នន័យថ្មីដែលបានបង្កើតជូន និងសូមអនុវត្តទៅតាមការស្នើសុំរបស់អគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុ ។
លោកជំទាវ បណ្ឌិតសភាចារ្យ បានបន្តថា សមិទ្ធផលការងារដែលទទួលបាននេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការគ្រប់គ្រងវិបត្តិជំងឺកូវីដ-១៩ បានល្អប្រសើរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែង ឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការបន្តវេនដឹកនាំដោយម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយការរួមចំណែកដ៏មានតម្លៃពីភាគីពាក់ព័ន្ធទាំងអស់ ។
ក្នុងពិធីនោះ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានផ្តល់កិត្តិយសបំពាក់មេដាយការងារ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលស្នាដៃល្អ ក្នុងការបំពេញការងារក្នុងឆ្នាំ២០២៣ ចំនួន ១២០រូបផងដែរ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ គ្រី សម្បត្តិ