អគារ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម ថ្មី ចាប់ផ្តើមសាងសង់ លើផ្ទៃដីជាង ៦៦ហិកតា នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ជាផ្លូវការ អគារអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលជាសំណង់ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រសួងការពារជាតិ ស្ថិតនៅបឹងតាមោក (ផ្លូវកប់ស្រូវ) ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ទីតាំងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ មានលើផ្ទៃដីជាង ៦៦ហិកតា ។ ការសាងសង់សំណង់អគារអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មានរយៈពេល ៣៦ខែ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការរចនាប្លង់ស្ថាបត្យកម្មអគារអគ្គបញ្ជាការដ្ឋាន ត្រូវបានរចនាឡើងក្នុងទម្រង់រចនាបថស្ថាបត្យកម្មខ្មែរទំនើប ឬហៅថា រចនាបថសហស្សម័យកម្ពុជា ដោយរចនារួមបញ្ចូលគ្នារវាងរចនាបថសម័យទំនើប និងខ្មែរបុរាណ ដែលវិចិត្រពិពិធ លម្អដោយគ្រឿងលម្អស្ថាបត្យកម្មខ្មែរ ដើម្បីបង្ហាញពីការវិវឌ្ឍ រីកចម្រើន និងភាពសំបូរបែបនៃសំណង់ស្ថាបត្យកម្មខ្មែរ រួមនឹងការអភិវឌ្ឍប្រទេសជាតិប្រកបដោយសុខសន្តិភាពពេញលេញ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា៖ ការបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋាន នាពេលនេះស្របពេលរាជរដ្ឋាភិបាលនិតីកាលទី៧ នៃរដ្ឋសភា បានដំណើរការបោះជំហានយ៉ាងស្វាហាប់រយៈពេល ៥ខែបាននាំមកនូវសមិទ្ធផលគួរជាទីមោទនៈជូនជាតិមាតុភូមិ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកងទ័ព ជាកិច្ចការអទិភាពមួយក្នុងចំណោមការងារអាទិភាពដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍន៍ ។
រាជរដ្ឋាភិបាលនីតិកាលទី៧ បានសម្រេចបន្តកំណត់យក មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា គឺជាអទិភាពគន្លឹះ សំរាប់ទិសដៅអភិវឌ្ឍន៌កម្ពុជាក្នុងដំណាក់កាលថ្មីខាងមុខនេះដែលបានអោយឃើញថា ការអភិវឌ្ឍនិងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកងទ័ពនៅតែជារបៀបវារៈដ៌សំខាន់សំរាប់រៀបចំពង្រឹងកែលម្អកន្លែងបំពេញការងារប្រចាំថ្ងៃប្រព័ន្ធគ្រប់គ្រងការងារ និង បែងចែកមុខងារ តួនាទី ការទទួលខុសត្រូវរបស់អង្គភាពនីមួយច្បាស់លាស់មានសមត្ថភាពវៃឆ្លាត និង គោរពវិន័យ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រី កម្ពុជា ដែលបានសម្រេចអនុញ្ញាត និងផ្តល់ទីតាំងនេះ ក្នុងការសាងសង់អគ្គបញ្ជាការដ្ឋាន និង ទីតាំងយុទ្ធសាស្ត្រយូរអង្វែងរបស់កងយោធពលខេមរភូមិន្ទ ៕
ដោយ ៖ ង៉ាន់ ទិត្យ