អ្នកនាំពាក្យក្រសួងបរិស្ថានបានសម្តែងការសោកស្តាយចំពោះការបាត់បង់ជីវិតសត្វកន្ទាយក្បាលកង្កែប ញីមួយក្បាលដែលជាសត្វដ៏កម្រនៅ ខេត្តក្រចេះ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងបរិស្ថានសម្តែងការសោកស្តាយ ក្រោយពីសត្វកន្ទាយញីមួយក្បាល បានបាត់បង់ជីវិតបន្ទាប់ពីវាបានជាប់សន្ទូចរនងដោយឃើញមានផ្លែសន្ទូចទាក់ជាប់នឹងជើងវារួចមក ។

ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤នេះឱ្យដឹងថា៖” ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ដែលបានឃើញវត្តមានកន្ធាយក្បាលកង្កែប ឬល្មេចនេះ ត្រូវបានស្លាប់ដោយជាប់សន្ទូចរនង។

ជាមួយគ្នានេះមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាបានបន្ថែមថា៖ ដើម្បីការពារ និងអភិក្សប្រភេទសត្វកម្រនេះប្រកបដោយប្រសិទ្ធិភាពនិងទទួលបានជោគជ័យ ត្រូវមានការចូលរួមពីស្ថាប័នជំនាញ និងភាគីពាក់ព័ន្ធនានា តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងការផ្សព្វផ្សាយ ដោយមានការលើកទឹកចិត្ត ការលើកកម្ពស់ជីវភាពប្រជាជន ។ សម្រាប់កិច្ចការពារនេះដែរត្រូវមានការចូលរួមពីភាគីអ្នកពាក់ព័ន្ធទាំងអស់ ពិតជាចាំបាច់ណាស់ដល់ការថែរក្សាកន្ធាយក្បាលកង្កែប កុំឲ្យបាត់បង់ពីពិភពលោក។

ឯកឧត្តម បញ្ជាក់ថា៖កន្ធាយក្បាលកង្កែបគឺជាពូជអម្បូរសត្វអណ្តើក ប៉ុន្តែមិនយឺតដូចអណ្តើកនោះទេ វាអាចវាយប្រហារចំណីលឿនជាងពស់វែកចឹកទៅទៀត។ កន្ធាយក្បាលកង្កែ ឬរមិច ជាប្រភេទសត្វកម្ររងគ្រោះជិតដាច់ពូជ និង ដែលត្រូវបានដាក់ចូលក្នុងបញ្ជីក្រហមរបស់អង្គការអន្តរជាតិខាងអភិរក្សសត្វព្រៃពិភពលោក IUCN។ នៅកម្ពុជា់សត្វប្រភេទនេះ មានការរស់នៅ ក្នុងខេត្តក្រចេះ និង ស្ទឹងត្រែង ។
គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១៩បើគិតមកទល់ពេលនេះមានតួលេខដែលសត្វកន្ធាយក្បាលកង្កែបងាប់មានចំនួន ០៣ក្បាលបើគិតទាំងលើកនេះ ដែលត្រូវបានប្រទះឃើញ និងកត់ត្រាចូលក្នុងតារាងទិន្នន័យ។ កាលពីថ្ងៃទី ២៣ខែមករា ឆ្នាំ២០២៤ ក្រុមការងារ WCS បានទទួលដំណឹងថាមានសត្វកន្ទាយក្បាលកង្កែបមួយក្បាល វ័យជំទង់ ភេទញី មានទម្ងន់២៦ គីឡូក្រាម មានពងនៅក្នុងពោះ បានងាប់នៅចំណុចកោះអណ្ដែងខ្ចី ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ ។

តាមការធ្វើកោសល្យវិច្ច័យរបស់មន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WCS សន្និដ្ឋានថា សត្វកន្ធាយក្បាលកង្កែបនេះងាប់ដោយសារជាប់សន្ទូចរនង ដោយឃើញផ្លែសន្ទូចទាក់ជាប់នឹងជើងរបស់វា ។

សត្វកន្ធាយក្បាលកង្កែបត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទកំពុងរងគ្រោះ ដោយអនុក្រឹត្យរាជរដ្ឋាភិបាល លេខ១២៣អនក្រ. បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងក្នុងបញ្ជីក្រហម នៃអង្គការ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជនៅទូទាំងសកលលោក ។ ប្រភេទសត្វនេះត្រូវបានរកឃើញសារជាថ្មីម្ដងទៀតចន្លោះពីស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ។

កន្ធាយក្បាលកង្កែបត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ ដោយអនុក្រឹត្យលេខ១២៣អនក្រ ដូចនេះ ការចាប់និងជួញដូរជាអំពើរខុសច្បាប់។ ការស្លាប់មេពូជកន្ធាយក្បាលកង្កែបខាងលើ គេពិតជាមានភាពសោកស្ដាយជាខ្លាំង បន្ទាប់ពីបានធ្វើការវះកាត់គេឃើញមានចំនួនពងយ៉ាងច្រើនលើសពីការរំពឹងទុក ដែលមេពូជនេះជិតឡើងពងនៅឆ្នេរខ្សាច់ជិតនោះ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner