គ.ជ.ប. បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធមួយស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ដោយបានផ្តោតសំខាន់ៗទៅលើចំណុចចំនួន៣គឺ ៖ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោត ,ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត,បច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ។
ឯកឧត្តម ហែល សារ៉ាត់ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានថ្លែងក្នុងពិធីបើកិច្ចប្រជុំនេះថា៖ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានបញ្ចប់ជាស្ថាពរនូវដំណាក់កាលចុះឈ្មោះអ្នកបោះឆ្នោត និងការចុះបញ្ជីបេក្ខជន គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ។ ក្រៅពីនេះក៏បានបញ្ចប់ផងដែរ នូវការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ហើយត្រៀម អនុវត្តការងារជាបន្តបន្ទាប់តាមប្រតិទិនបោះឆ្នោត ដែល គ.ជ.ប បានដាក់ចេញ។
ឯកឧត្តមបានថ្លែងបញ្ជាក់បន្ថែមថា៖ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោតគណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទ នៃការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ។ បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ គ.ជ.ប បិទផ្សាយជាសាធារណៈ នៅតាមរាជធានី ខេត្តទាំង ២៥ ចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះ ដូច្នេះកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី២៧ ខែមករា និងបញ្ចប់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្តមបានថ្លែងថា៖គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន ២ រូប គឺភ្នាក់ងារពេញសិទ្ធិ ១រូប និងភ្នាក់ងារបម្រុង ១ រូប ដើម្បីសង្កេតមើលការបោះឆ្នោត និង រាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត និង ការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗនៅតាមរាជធានី ខេត្តនៃភូមិភាគដែលខ្លួនឈរឈ្មោះបោះឆ្នោត ។
ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកឡើងដោយបញ្ជាក់ថា៖ ការរៀបចំផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោតទៅតាមចំនួនអ្នកបោះឆ្នោត ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការនៃការិយាល័យបោះឆ្នោតនីមួយៗ។ចំពោះការចែកបណ្ណព័ត៌មានវិញ អ្នកបោះឆ្នោត ដែលជាតំណាងរាស្ត្រក្នុងតំណែង និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងតាមភូមិភាគនានា ចាប់ផ្ដើមពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្តមបានថ្លែងដែរថា៖ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រួមមាន៖អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៦១៤ នាក់ ក្នុងនោះស្រីមានចំនួន ២២៤ នាក់ មកពី ១៥ សមាគម/អង្គការ។រហូតមកដល់ពេលនេះ គ.ជ.ប ពុំទាន់បានទទួលពាក្យសុំសង្កេតការណ៍របស់អ្នក សង្កេតការណ៍អន្តរជាតិពីស្ថាប័ន ឬប្រទេសណាមួយឡើយ។ជាមួយគ្នានេះគិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះ គ.ជ.ប បានអនុញ្ញាត និងចេញបណ្ណ- សម្គាល់ខ្លួនជាផ្លូវការជូនអ្នកសារព័ត៌មានជាតិចំនួន ១១៧ នាក់ (ស្រី ១៥ នាក់) មកពី ១៤ អង្គភាពហើយ រហូតមកដល់ពេលនេះ ក៏ពុំទាន់ទទួលបានពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានអន្តរជាតិនៅឡើយទេ៕
អត្ថបទ ៖ ម៉ាដេប៉ូ, រូបភាព ៖ គ្រី សម្បត្តិ