គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រោមប្រធានបទស្តីពីការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោត, ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត, បច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ- អន្តរជាតិ។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជា ប្រធានដឹកនាំកិច្ចប្រជុំ។

ឯកឧត្ដម ហ៊ែល សារ៉ាត់ បានមាប្រសាសន៍ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានបញ្ចប់ជាស្ថាពរនូវដំណាក់កាលចុះឈ្មោះអ្នកបោះឆ្នោត និងការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ហើយក៏បានបញ្ចប់ផងដែរនូវការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ហើយត្រៀមអនុវត្តការងារជាបន្តបន្ទាប់តាមប្រតិទិនបោះឆ្នោត ដែល គ.ជ.ប បានដាក់ចេញ។ ឯកឧត្តមបានបន្តថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោត៖ គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបិទផ្សាយជាសាធារណៈ នៅតាមរាជធានី ខេត្តទាំង២៥ ចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ ដូច្នេះកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៧ ខែមករា និងបញ្ចប់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម ហ៊ែល សារ៉ាត់ បានបន្តទៀតថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនចំនួន២រូប គឺភ្នាក់ងារពេញសិទ្ធិ១រូប និងម្នាក់ទៀតភ្នាក់ងារបម្រុង ដើម្បីសង្កេតមើលការបោះឆ្នោត និងរាប់សន្លឹកនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ នៅតាមរាជធានី ខេត្ត នៃភូមិភាគដែលខ្លួនឈរឈ្មោះបោះឆ្នោត។ ប្រភពដដែលបញ្ជាក់ថា បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត អភិបាលរងនៃគណៈ- ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ ភ្នាក់ងារ គណបក្សនយោបាយដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតឡើយ៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner