សហគ្រិនខ្មែរអនុម័តផែនការ ដើម្បីជំរុញនវានុវត្តន៍ដល់សហគ្រាសក្នុងស្រុក
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ នៅថ្ងៃទី២៥ ខែមករានេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរលើកទី១៥ ដោយផ្តោតលើការកំណត់ទិសដៅយុទ្ធសាស្រ្តរបស់សហគ្រិនខ្មែរសម្រាប់ឆ្នាំ២០២៤។
![](https://asset.ams.com.kh/central/media/2024/01/1.-DSC09947-1024x747.jpg)
ក្រុមប្រឹក្សាបរធនបាលបានពិនិត្យ និងវាយតម្លៃសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៣ ព្រមទាំងអនុម័តផែនការសកម្មភាពឆ្នាំ២០២៤ ដោយពង្រឹងបន្ថែមនូវគំនិតផ្តួចផ្តើមដែលនឹងជួយទ្រទ្រង់ដល់គម្រោងសម្រាប់ជំរុញនវានុវត្តន៍សហគ្រិនភាព ជាពិសេសក្នុងវិស័យសំខាន់ៗដូចជា វិស័យកាត់ដេរនិងវាយនភ័ណ្ឌ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការលើកកម្ពស់កម្មវិធីអភិវឌ្ឍប្រកបដោយចីរភាព។ សហគ្រិនខ្មែរ នឹងបន្តគំាទ្រដល់សហគ្រិនដែលស្ថិតក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ក្រោយទទួលបានការទទួលស្គាល់ និងភាពជោគជ័យ ក្នុងកម្មវិធីរបស់សហគ្រិនខ្មែរកន្លងមក។
![](https://asset.ams.com.kh/central/media/2024/01/2.-DSC09949-1024x835.jpg)
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ដែលជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ថ្លែងថា សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បានទទួលភាពជោគជ័យគួរឱ្យកត់សម្គាល់ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ ហើយត្រូវបន្តកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម តាមរយៈភាពជាដៃគូជាមួយស្ថាប័នដៃគូក្នុងស្រុក និងអន្តរជាតិ។ កិច្ចការណ៍នេះនឹងត្រូវសម្រេចបានតាមរយៈការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដែលមានភាពប្រទាក់ក្រឡា ដើម្បីធានាបាននូវលទ្ធភាពជោគជ័យ និងវិសាលភាពរបស់អាជីវកម្ម។
![](https://asset.ams.com.kh/central/media/2024/01/3.DSC09961-801x1024.jpg)
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍ថា សហគ្រិនខ្មែរបាននឹងកំពុងរៀបចំគម្រោងដែលមានសក្តានុពលជាច្រើន មានទាំងគំនិតផ្តួចផ្តើមថ្មីៗ និងការពង្រីកកម្មវិធីដែលកំពុងដំណើរការស្រាប់ ដើម្បីឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងប្រសិទ្ធភាពដល់សហគ្រិនក្នុងស្រុកនៅក្នុងវិស័យពាក់ព័ន្ធ។
![](https://asset.ams.com.kh/central/media/2024/01/4.DSC09940-857x1024.jpg)
ឯកឧត្តមក៏បានបញ្ជាក់ពីប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការរៀបចំ និងអនុវត្តកម្មវិធីឱ្យស្របតាមអាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឱ្យបានពេញលេញ ក្នុងគោលបំណងពង្រីកសក្តានុពលរបស់សហគ្រិន។ កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដែលមានសមាសភាពមកពីរាជរដ្ឋាភិបាល និងវិស័យឯកជននេះ បានប្តេជ្ញាជំរុញ និងអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម ក៏ដូចជាធុរកិច្ចបង្កើតថ្មី លើវិស័យស្នូលទាំង៤ របស់សហគ្រិនខ្មែរគឺ កសិកម្ម សេវាកម្ម បច្ចេកវិទ្យា និងផលិតកម្ម៕
![](https://asset.ams.com.kh/central/media/2024/01/5.-DSC09935-925x1024.jpg)
![](https://asset.ams.com.kh/central/media/2024/01/6-DSC09965-1024x853.jpg)
![](https://asset.ams.com.kh/central/media/2024/01/7-DSC09958-1024x741.jpg)
![](https://asset.ams.com.kh/central/media/2024/01/8-DSC09970-1024x683.jpg)
![](https://asset.ams.com.kh/central/media/2024/01/9-DSC00048-1024x591.jpg)
![](https://asset.ams.com.kh/central/media/2024/01/10-DSC00053-1024x501.jpg)