លោក ស៊ី សាទរទំនាក់ទំនងចិន-បារាំង នៅចំពោះមុខភាពមិនប្រាកដប្រជាជាសកល
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង សាទរចំណងមិត្តភាពជាមួយបារាំង ក្នុងឱកាសខួបលើកទី៦០ នៃទំនាក់ទំនងការទូត និងអំពាវនាវឱ្យបង្កើនភាពជិតស្និទ្ធរវាងទីក្រុងប៉ារីស និងទីក្រុងប៉េកាំង ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងពិភពលោក។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថ្លែងថា ទំនាក់ទំនងការទូតរយៈពេល ៦ទសវត្សរ៍មកនេះ បានបម្រើដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ពិភពលោក។ លោក សុី បន្តថា ភាគីទាំងពីរគួរតែអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដោយឥតងាករេ ហើយឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់របស់ពិភពលោកជាមួយនឹងស្ថិរភាពនៃទំនាក់ទំនងចិន-បារាំង។
លោក សុី ក៏បានជំរុញឱ្យភាគីទាំងពីររួមគ្នាតស៊ូមតិលើពិភពលោកពហុប៉ូលដោយស្មើភាព និងមានសណ្តាប់ធ្នាប់ រួមទាំងសកលភាវូបនីយកម្មសេដ្ឋកិច្ច និងមានប្រយោជន៍សម្រាប់ទាំងអស់គ្នា និងបន្តរួមចំណែក ក្នុងការរក្សាសន្តិភាព និងស្ថិរភាពពិភពលោក និងការដោះស្រាយបញ្ហាប្រឈមជាសកល។
បារាំង និងចិនបានស្វែងរកការពង្រឹងទំនាក់ទំនងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអ្នកការទូតកំពូលរបស់ទីក្រុងប៉ារីសកាលពីខែវិច្ឆិកា បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយបាននិយាយថា ប្រទេសទាំងពីរត្រូវតែខិតខំស្វែងរកចម្លើយចំពោះបញ្ហាប្រឈមធំៗ។
សូមរម្លឹកថា ក្នុងឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុប បានយកឈ្នះលើផលប៉ះពាល់អវិជ្ជមានជាច្រើន និងសម្រេចបាននូវវឌ្ឍនភាពជាលំដាប់ ដោយពាណិជ្ជកម្មទ្វេភាគី បានកើនឡើងដល់កម្រិតខ្ពស់ថ្មីចំនួន ៨៤៧.៣ពាន់លានដុល្លារ ខណៈការវិនិយោគថ្មីពីក្រុមហ៊ុនអឺរ៉ុប នៅក្នុងប្រទេសចិនកើនឡើង ៧០ភាគរយ ដល់ ១២.១ពាន់លានដុល្លារ នេះបើតាមក្រសួងពាណិជ្ជកម្មចិន៕
ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា