កូនដំរីព្រៃមួយក្បាលបានស្លាប់,សង្ស័យការលបបាញ់នៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖កូនដំរីព្រៃដែលជាសត្វដ៏កម្រមួយក្បាលត្រូវបានគេប្រទះឃើញស្លាប់នៅបរិវេណ ក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកកោះញែក ខេត្តមណ្ឌលគិរី ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានប្រាប់តាមទូរស័ព្ទឱ្យដឹងនៅយប់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៤នេះ ថា ពិតជាមានករណី កូនដំរីព្រៃមួយក្បាលនេះត្រូវបានគេប្រទះឃើញស្លាប់ ដោយមានស្នាមធ្លាយ នៅផ្នែកខាងក្រោមដើមទ្រូង តែរកពុំឃើញក្បាលគ្រាប់បៀមជាប់ នៅក្នុងខ្លួនសត្វនោះឡើយ។ ក្រុមការងារនិងបន្តចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ ដើម្បីស្វែងរកវត្ថុតាង ជាបន្តទៀត។ រហូតមកដល់ពេលនេះ គេមិនទាន់អាចសន្និដ្ឋាន បាននៅឡើយថាកូនដំរីព្រៃនេះស្លាប់ ដោយការបាញ់ដោយគ្រាប់កាំភ្លើងកែច្នៃឬផ្លែព្រួញនោះទេ។

ជាមួយគ្នានេះឯកឧត្តមបានថ្លែងដោយសម្តែងការសោកស្តាយជាខ្លាំងក្នុងការបាត់បង់សត្វព្រៃដ៏កម្រមួយនេះក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។

ឯកឧត្តមបានអំពាវនាវដល់សមត្ថកិច្ច គ្រប់ភាគីចូលរួមអភិរក្សសត្វព្រៃ ក៏ដូចជាការពារធនធានធម្មជាតិកម្ពុជា និងស្វែងរកជនដៃដល់ មកថ្កោលទោសតាមផ្លូវច្បាប់ នៅពេលរកឃើញថាមានការប្រម៉ាញ់សត្វព្រៃខុសច្បាប់។

កន្លងមកនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញ ការអនុវត្តច្បាប់ឲ្យបានដាច់ខាត ដោយមិនលើកលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ។ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បង ចំនួន៤ រួមមាន៖ ១-ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ ២- ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។ ៣-សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង៤-ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។

សូមបញ្ជាក់ថា ដំរីអាស៊ី ត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងបឹងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី រតនគិរី និង ស្ទឹងត្រែង ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី ដែលមានសក្តានុពលខ្ពស់និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner