អ្នកនាំពាក្យ គ.ជ.ប៖ ព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងដំណើរការជាប្រក្រតីតាមការគ្រោងទុក

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ថា ជាមួយនឹងការឆ្ពោះទៅរកព្រឹត្តិការណ៍នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងដំណើរការជាប្រក្រតីតាមការគ្រោងទុក ដោយឆ្លងកាត់ដំណាក់កាលទាំង៤។ ការចុះបញ្ជីគណបក្សនយោបាយ និងដាក់បេក្ខជនឈរឈ្មោះ ក៏គ.ជ.ប ទទួលស្គាល់ជាផ្លូវការហើយដែរ គឺមានគណបក្សចំនួន ៤ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។ គណបក្សទាំង៤ ក៏បានដាក់ភ្នាក់ងាររបស់ខ្លួនទៅតាមមណ្ឌលនីមួយៗ ដែលជាភូមិភាគតំណាង។ ក្នុងការពិនិត្យទៅលើការដាក់ពង្រាយភ្នាក់ងារគណបក្សនយោបាយ គឺគ្រប់ភូមិភាគទាំង៨។

អ្នកនាំពាក្យ គ.ជ.ប បានបន្តថា ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតដោយសារថា អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង ១១៦២២ ជាមួយនឹងសមាសភាពតំណាងរាស្ត្រចំនួន ១២៥រូប សរុបទៅ ១១៧៤៧នាក់ នឹងចាប់ផ្តើមចែកជាប័ណ្ណព័ត៌មានដើម្បីផ្តល់ជូនអង្គបោះឆ្នោតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយសង្ឃឹមថា ការចែកប័ណ្ណព័ត៌មាននេះ នឹងប្រព្រឹត្តទៅដោយរលូនដោយសារថា ចំនួននៃអង្គបោះឆ្នោត គឺមានចំនួនដែល គ.ជ.ប ហើយនឹងស្ថាប័នផ្ទាល់ជាអង្គបោះឆ្នោត គឺអាចគ្រប់គ្រងបានទាំងអស់ ហើយសង្ឃឹមថា អាចចែកបាន១០០%។

ប្រភពដដែលបានបន្តទៀតថា អ្នកសង្កេតជាតិមកពី ១៥ស្ថាប័ន មានជាង៦០០នាក់ហើយ ដោយឡែកអ្នកសង្កេតការណ៍អន្តរជាតិ ពុំទាន់មានការស្នើសុំធ្វើជាអ្នកសង្កេតការណ៍ទេ។ ជារៀងរាល់បោះឆ្នោតអសកលឃើញថា អ្នកសារព័ត៌មាន ឬក៏អ្នកសង្កេតការណ៍អន្តរជាតិ មិនសូវជាចាប់អារម្មណ៍ចំពោះការបោះឆ្នោតតាមបែបអសកលទេ ព្រោះអសកលនេះ អាចមានន័យថា ជាការបោះឆ្នោតផ្ទៃក្នុងមួយដែលតំណាងបោះឆ្នោតជាសាធារណៈ ហើយតំណាងនោះបោះឆ្នោតជ្រើសរើសតំណាងផ្សេងៗទៀតនៅក្នុងក្របខណ្ឌនៃប្រទេសកម្ពុជា ហើយច្បាប់ក៏មិនមានចែងថា ការបោះឆ្នោតមួយអាចយកជាការបានលុះណាតែមានអ្នកសង្កេតការណ៍អន្តរជាតិនោះទេ ហើយអ្វីៗនឹងប្រព្តឹតយ្តទៅដោយរលូន៕
ដោយ៖ពលជ័យ

ads banner