ហ៊ិននីគែន និង Grab ចាប់ដៃគ្នា ផ្សព្វផ្សាយសារពិសារគ្រឿងស្រវឹងដោយទំនួលខុសត្រូវនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និង ក្រុមហ៊ុន Grab នៅថ្ងៃទី២៨ ខែមករានេះ ចាប់ដៃគូគ្នា ដើម្បីជំរុញលើកទឹកចិត្តអតិថិជនឱ្យមានស្មារតីទទួលខុសត្រូវ ដោយមិនត្រូវពិសាគ្រឿងស្រវឹងហើយបើកបរនោះទេ។

ភាពជាដៃគូរយៈពេលមួយឆ្នាំនេះ កើតឡើងស្របពេលក្រុមហ៊ុនហ៊ិននីគែន រៀបចំអបអរសាទរ ៣០ឆ្នាំ ដែលក្រុមហ៊ុនបើកដំណើរការនៅកម្ពុជាត្រឹមឆ្នាំ ២០២៤នេះ។ សកម្មភាពនេះដែរ ជាការបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវរបស់ក្រុមហ៊ុនផលិតស្រាបៀរទូទាំងពិភពលោក។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវការគាំទ្រដល់សកម្មភាពនៃការពិសាគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវតាមរយៈយុទ្ធនាការ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ»។

ព្រោះយុទ្ធនាការនេះមានសារសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹង ក៏ដូចជាការបង្កើនការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ឲ្យរីករាយជាមួយនឹងការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតសមរម្យ ពោលគឺ មិនប៉ះពាល់សុខភាព មិនបង្កផលប៉ះពាល់ខ្លួនឯង និងអ្នកដទៃ។ ឯកឧត្តមបន្តថា ភាពជាដៃគូនាពេលបច្ចុប្បន្ននេះ នឹងក្លាយជាវេទិកាមួយដើម្បីឱ្យវិស័យឯកជន និងសាធារណៈរដ្ឋសហការគ្នាក្រោមគោលដៅតែមួយគឺ បង្កើតវប្បធម៌នៃការទទួលទានប្រកបដោយការទទួលខុសត្រូវ។

លោក Andy Hewson នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានបញ្ជាក់ថា ភាពជាដៃគូរវាងហ៊ិននីគែន និង Grab នេះ នឹងដាក់ដំណើរការរយៈពេលមួយឆ្នាំពេញ ដែលរួមមានយុទ្ធនាការគ្រប់មធ្យោបាយ ដើម្បីផ្សព្វផ្សាយសារអំពីការ «ពិសាដោយការទទួលខុសត្រូវ» ដល់អតិថិជនរបស់ Grab  កម្មវិធីប្រូម៉ូសិនរបស់ Grab សម្រាប់ការធ្វើដំណើរមានសុវត្ថិភាពជាងមុន ក្នុងឱកាសចូលរួមកម្មវិធីសង្គមកម្មវិធី ដែលរៀបចំដើម្បីធ្វើឱ្យការពិសាមានកម្រិតសមស្រប (Make moderation cool) នៅពេលចូលរួមកម្មវិធីសង្គមការជំរុញការលក់ និងដឹកជញ្ជូនស្រាបៀរ ដោយការទទួលខុសត្រូវតាមកម្មវិធី Grab ក៏ដូចជាឱកាសបង្កើនជំនាញ សម្រាប់ដៃគូបើកបរ របស់ Grab ជាដើម។

ជាមួយគ្នានេះ លោក Corentin Rouxel ដែលជាប្រធានប្រចាំប្រទេសរបស់ Grab ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា យុទ្ធនាការនេះ នឹងបង្ហាញដៃគូអ្នកបើកបររបស់យើងថា ពួកគាត់ជាវីរបុរសប្រចាំថ្ងៃ ដែលអតិថិជនអាចជឿទុកចិត្តបាន រាល់ពេលអតិថិជនត្រូវការធ្វើដំណើរ និងរាល់ការចូលរួមកម្មវិធីដែលមានពិសាគ្រឿងស្រវឹង។ សូមបញ្ជាក់ថា កម្មវិធីនេះ ជាការអបអរសាទរដល់ភាពជាដៃគូ ដែលផ្អែកលើមហិច្ឆិតាធ្វើអាជីវកម្មដោយមានទំនួលខុសត្រូវដែលជាស្មារតីរួមរបស់ក្រុមហ៊ុនទាំងពីរ ពីព្រោះទាំងក្រុមហ៊ុន Grab និង ហ៊ិននីគែន សុទ្ធតែជាហត្ថលេខី នៃសម្ព័ន្ធអន្តរជាតិសម្រាប់ការពិសាដោយការទទួលខុសត្រូវ (IARD) ដែលផ្តោតលើការលក់ និងការចែកចាយគ្រឿងស្រវឹងដោយការទទួលខុសត្រូវ៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner