រលកកម្តៅវាយប្រហារទីក្រុងទេសចរណ៍ ដែលធ្លាប់តែត្រជាក់ នៅអាហង្សទីន
ប៊ុយណូសែ៖ រលកកម្តៅបានវាយប្រហារទីក្រុងទេសចរណ៍ នៅប្រទេសអាហ្សង់ទីន ខណៈដែលសីតុណ្ហភាពនៅតែបន្តកើនកម្តៅ នៅក្នុងតំបន់ភូមិសាស្ត្រ Patagonia នៃប្លុកអាមេរិកខាងត្បូង។
ជាធម្មតា ទាំងមនុស្ស និងសត្វរីករាយនឹងភាពត្រជាក់ នៅក្នុងទីក្រុង បារីឡូ ឈេ (Bariloche) ដែលជាទីក្រុងទេសចរណ៍មួយ ស្ថិតនៅក្នុងតំបន់ ប៉ាតាហ្គោ នៀ (Patagonia)។ ដោយគេដឹងថា Patagonia គឺជាតំបន់ភូមិសាស្ត្រដែលគ្របដណ្តប់ចុងភាគខាងត្បូង នៃប្លុកអាមេរិកខាងត្បូង ហើយត្រូវបានគ្រប់គ្រងដោយប្រទេសអាហ្សង់ទីន និងប្រទេសស៊ីលី។

ដោយធ្លាប់តែជាតំបន់ត្រជាក់ធម្មតា និងមានខ្យល់បក់ខ្លាំង នៅប៉ែកភាគខាងត្បូង នៃប្រទេសអាហ្សង់ទីននោះ ទីក្រុងទេសចរណ៍ បារីឡូ ឈេ (Bariloche) បានជួបប្រទះនឹងរលកកំដៅខ្លាំង នាប៉ុន្មានថ្ងៃមកនេះ។ ជាកំណត់ត្រាកម្តៅ ដែលមានសីតុណ្ហភាព លើសពី ៤០អង្សាសេ នាអំឡុងរដូវក្តៅ «អឌ្ឍគោលខាងត្បូង»។

អ្នកគ្រប់គ្រងប្រតិបត្តិការនៃសេវាកម្មបង្ការ និងពន្លត់អគ្គីភ័យប្រចាំនៅទីក្រុង បារីឡូ ឈេ (Bariloche) លោក ណែលសុន លីល (Nelson Leal) មានប្រសាសន៍ថា «សភាពក្តៅខ្លាំង នាប៉ុន្មានថ្ងៃមកនេះ មានលក្ខណៈមិនធម្មតា នៅក្នុងតំបន់របស់យើង»។ យ៉ាងណាមិញ លោកអះអាងថា កាលពីច្រើនឆ្នាំកន្លងទៅ យូរមកហើយ ក៏ធ្លាប់មានរលកកំដៅដ៏ខ្លាំងបែបនេះដែរ។
លោក ណែលសុន លីល (Nelson Leal) បានបន្តថា ខេត្តចំនួនពីរបានប្រកាសដាក់ក្នុងភាពអាសន្ន ដោយសារតែហានិភ័យនៃអគ្គីភ័យ ដែលមានរហូតដល់ខែមេសា ខណៈដែលក្រុមពន្លត់អគ្គីភ័យនៅតែបន្តពន្លត់ភ្លើង «មិនអាចគ្រប់គ្រងបាន» នៅក្នុងឧទ្យានជាតិមួយកន្លែង។ ពេលនេះ អាជ្ញាធរព្យាយាមទប់ស្កាត់ មិនឱ្យរីករាលដាល់ទៅដល់ទីប្រជុំជន ចំនួនពីរ នៅក្បែរនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត