ប៊ែលធីអន្តរជាតិ បានរួមចំណែកជួយរាជរដ្ឋាភិបាល ផ្នែកធនធានមនុស្ស និងការអប់រំ

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ដែលជាគោលនយោបាយអាទិភាពសម្រាប់អភិវឌ្ឍប្រទេសជាតិ ជាហេតុនាំអោយសាលាប៊ែលធី គិតគូរ ពីកត្តាមនុស្ស ដើម្បីរួមចំណែកជ្រំជ្រែងវិស័យអប់រំនៅកម្ពុជា។ មិនតែប៉ុណ្ណោះ បណ្តាប្រទេសអន្តរជាតិជាដៃគូជាច្រើន សុទ្ធតែបានទទួលស្គាល់ពីគុណភាពអប់រំរបស់សាលាប៊ែលធី ដូចជាសឹង្ហបុរី ចិន សហរដ្ឋអាមេរិក កាណាដា ថៃ ម៉ាឡេស៊ី កូរ៉េ ជាដើម។ល។ នេះជាការលើកឡើង របស់ ឯកឧត្ដមបណ្ឌិត លី ឆេង ស្ថាបនិកប៊ែលធីគ្រុប។ការធ្វើកំណែទម្រង់ជាបន្តបន្ទាប់ លើវិស័យអប់រំនេះ បានធ្វើអោយកម្ពុជា មានមុខមាត់លើឆាកអន្តរជាតិ និងផលិតបានធនធានមនុស្ស មានកម្រិតស្តង់ដារ និងឆ្លើយតបតម្រូវការទីផ្សារបច្ចុប្បន្ន តួយ៉ាង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិស្សនិទ្ទេស A មានចំនួនច្រើនឡើងៗ ។ ជាក់ស្តែងឆ្នាំនេះ សិស្សនិទ្ទេស A របស់សាលាប៊ែលធីអន្តរជាតិឆ្នាំនេះកើនឡើងដល់ ១១៩រូប ហើយលោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ ដែលមានស្នាដៃបង្រៀនសិស្សអោយជាប់បាននិទ្ទេស A ត្រូវបានអាណាព្យាបាលសិស្សសរសើរ និងសាទរដល់គុណភាពអប់រំរបស់សាលា។ឯកឧត្ដមបណ្ឌិត លី ឆេង និង លោកជំទាវ មិនខ្លាចនឿយហត់ ឈរប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី ជូនដល់សិស្សប៊ែលធី ថ្នាក់ទី១២ ជំនាន់ទី១៨ ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ២,១១២នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដើម្បីលើកទឹកចិត្តយុវជនជំនាន់ក្រោយដើរដោយមោទនភាព ស្របពេលសន្តិភាព គ្របដណ្តប់ដោយម្លប់ទូទាំងប្រទេស។

ឯកឧត្ដមបណ្ឌិត លី ឆេង បានបន្តថា ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ពេលនេះ ទូទាំងប្រទេសចំនួនសិស្សប្រឡងជាប់និទ្ទេស A មានការកើនឡើងជាលំដាប់ ក្រោមទិសស្លោក “អ្នកចេះ គឺជាប់” ដោយឡែកសាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៦,៥១២នាក់ ស្មើនឹង ៨៧.២០% និងមានសិស្សនិទ្ទេសA ចំនួន ៣៩៧នាក់ សិស្សពូកែទូទាំងរាជធានី ចំនួន ១១៦នាក់ និងទូទាំងប្រទេស ចំនួន ៣១នាក់។ លទ្ធផលពេលនេះ ជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗផ្ទាល់ ការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពការអភិវឌ្ឍលើគ្រប់វិស័យ និងបានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ការសិក្សារបស់ក្មួយៗ និងក៏ស្នាដៃមិនអាចកាត់ថ្លៃបានរបស់ លោកគ្រូអ្នកគ្រូ ដែលបង្រៀនក្នុងប្រព័ន្ធអប់រំរបស់យើងផងដែរ ជាពិសេសការជួយគាំទ្រយ៉ាងពេញទំហឹងរបស់ឪពុកម្តាយ និងអាណាព្យាបាល។

រាជរដ្ឋាភិបាលនីតិកាលទី៧បានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានចាត់ទុក “ ការអភិវឌ្ឍមូលធនមនុស្ស” គឺជាបញ្ចកោណទី១ ដ៏មានសារៈសំខាន់ ដោយក្នុងនោះ”ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”គឺជាកិច្ចការអាទិភាពទី១ ក្នុងចំណោមកិច្ចការអាទិភាពទាំង៥ នៃបញ្ចកោណទី១ ដែលមានគោលដៅផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងបណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ ដើម្បីជាកាតាលីករក្នុងសេដ្ឋកិច្ចជាតិ និងសម្រេចមហិច្ឆិតាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្ដម បណ្ឌិត លី ឆេង បានផ្តាំផ្ញើ ដល់ក្មួយៗ បន្តការសិក្សារៀនសូត្របន្ថែមទៀត ដើម្បីអាជីពខ្លួនឯងទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារ ការងារជាមួយ បណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ។ ចំពោះសិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានសញ្ញាបត្រចំនួនពីរ ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញ ដោយក្រសួងអប់រំ យុវជន និងកីឡា ៕












