សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ស៊ី អាយ អេ ហ្វឺសត៍ ឆ្នាំ ២០២៤
ភ្នំពេញ៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ ២០២៤ ដោយមានការចូលរួមប្រកួតពីក្រុមកីឡាបាល់ទាត់សរុបចំនួន៥៣ក្រុម តំណាងមកពីសាលាចំនួន១៩ ក្នុងរាជធានីភ្នំពេញ។ ការប្រកួតនេះ ចាប់ផ្ដើមនៅម៉ោង ៨៖០០នាទីព្រឹកថ្ងៃអាទិត្យទី២៨ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ទៅនៅវេលាម៉ោង ២៖០០នាទីរសៀលថ្ងៃដដែល នៅក្លឹបកីឡា Down Town Sport Club ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល។

លោក ហ៊ឹម សំអាតស្ព្រង់ សហស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ CIA FIRST មានប្រសាសន៍ថា ការប្រកួតកីឡាបាល់ទាត់ ស៊ី អាយ អេ ហ្វឺសត៍ ធ្វើឡើងក្នុងគោលបំណងរឹតចំណងទំនាក់ទំនងល្អ រវាងប្អូនៗក្នុងក្រុមកីឡាបាល់ទាត់នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ជាមួយនឹងប្អូនៗសិស្សានុសិស្ស ដែលជាសមាជិកក្រុមបាល់ទាត់តំណាងមកពីសាលាអន្តរជាតិដទៃទៀតក្នុងរាជធានីភ្នំពេញ ព្រមទាំងចូលរួម លើកស្ទួយសកម្មភាពកីឡា ស្របតាមគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា។ លើសពីនេះទៀត ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ស៊ី អាយ អេ ហ្វឺសត៍នឹង ជួយពង្រឹងសុខភាពផ្នែករាងកាយ បញ្ញាស្មារតីរបស់សិស្សានុសិស្ស ព្រមទាំងផ្ដល់បរិយាកាសដល់ពួកគេក្នុងការ ចែករំលែកបទពិសោធន៍ និងពង្រឹងសាមគ្គីភាពរវាងគ្នានិងគ្នាផងដែរ។

លោក ហ៊ឹម សំអាតស្ព្រង់ បន្ថែមថា បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលមួយថ្ងៃពេញ ជាលទ្ធផល យើងបានស្វែងរកជ័យលាភី ក្នុងការប្រកួតបាល់ទាត់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ២០២៤លើវិញ្ញាសាប្រកួតចំនួន ៦ វិញ្ញាសារួមមាន វិញ្ញសាប្រកួតក្រុមសិស្សស្រីអាយុក្រោម ១៩ ឆ្នាំ ក្រុមសិស្សប្រុសអាយុក្រោម ១៩ ឆ្នាំ ក្រុម សិស្សស្រីក្រោមអាយុ ១៥ ឆ្នាំ ក្រុមសិស្សប្រុសអាយុក្រោម ១៥ ឆ្នាំ ក្រុមចម្រុះអាយុក្រោម ១០ ឆ្នាំ និងក្រុម ចម្រុះអាយុក្រោម ១២ ឆ្នាំ។ ការប្រគល់ពានរង្វានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ឹម សំអាតស្ព្រង់ សហ ស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។ លោក ហ៊ឹម សំអាតស្ព្រង់ ក៏បានថ្លែងអបអរសាទរដល់ម្ចាស់ជ័យលាភីជើងឯក និងអរគុណដល់ដៃគូពាក់ព័ន្ធទាំងអស់ ដែលចូលរួមរៀបចំធ្វើឱ្យកម្មវិធីនេះទទួលជោគជ័យជាផ្លែផ្កា។ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គឺជាថ្នាលបណ្ដុះបណ្ដាលកម្រិតអន្តរជាតិឈានមុខគេមួយក្នុង រាជធានីភ្នំពេញ ដែលផ្ដោតលើការផ្ដល់ការអប់រំគុណភាពខ្ពស់ទាំងក្នុងកម្មវិធីសិក្សាអន្តរជាតិ និងកម្មវិធីសិក្សា ចំណេះទូទៅខ្មែរ។ សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលការបណ្ដុះបណ្ដាលក្នុងស្រុក ប៉ុន្តែទទួល បានសញ្ញាបត្រដែលមានគុណភាព និងមានការទទួលស្គាល់កម្រិតពិភពលោក។

ជាងនេះទៀត ការផ្ដល់ការ អប់រំដែលមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស សាលាបានរួមបញ្ចូលនូវសកម្មភាពសិក្សាបន្ថែមយ៉ាង សម្បូរបែប ដូចជាតន្ត្រី សិល្បៈ និងកីឡាជាដើម ដើម្បីធានាថាសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាពី សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក្លាយជាពលរដ្ឋសកលដែលមានទាំងវិជ្ជាសម្បទា បំណិនសម្បទា និង ចរិយាសម្បទាគ្រប់ជ្រុងជ្រោយ។ គណៈគ្រប់គ្រងសាលាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក លោកស្រីជាមាតាបិតា និងអ្នកអាណាព្យបាលសិស្ស និងប្អូនៗសិស្សានុសិស្សទាំងអស់ ដែលជាកីឡាករក្នុងក្រុមបាល់ទាត់ពីសាលា អន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងសាលាអន្តរជាតិដទៃទៀត ដែលបានចូលរួមញ៉ាំងឱ្យព្រឹត្តិការណ៍ប្រកួត កីឡាបាល់ទាត់នេះប្រព្រឹត្តទៅដោយជោគជ័យគួរជាទីមោទនៈ៕ អត្ថបទ៖ ឈឹម ទីណា




