សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សាងសង់ផ្ទះ ១ខ្នង ជូនកុមារកំព្រា ២នាក់ បង ប្អូន នៅខេត្តកំពង់ឆ្នាំង និងចេញថ្លៃព្យាបាលដល់បងប្រុសដែលមានជំងឺ
(កំពង់ឆ្នាំង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ ចុះពិនិត្យភ្លាមៗទីតាំងសាងសង់ផ្ទះថ្មី ១ខ្នង ជូនដល់កុមារកំព្រា ២នាក់បងប្អូន រស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងបញ្ជូនកុមារជាបង មកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។
កុមារកំព្រា ២នាក់ បងប្អូននោះ បងប្រុសឈ្មោះ ពឹម សំណាង អាយុ ១៧ឆ្នាំ មានជំងឺមិនប្រក្រតីទ្វារធំពីកំណើត (ធ្លាប់ព្យាបាលនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា) បច្ចុប្បន្នធ្វើជាកម្មករនៅកសិដ្ឋានចិញ្ចឹមជ្រូក និងប្អូនស្រីឈ្មោះ ពឹម ណេង អាយុ ១២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦ ។

លោកជំទាវ ម៉ែន នារីសោភ័គ បានឱ្យដឹងថា៖ «បន្ទាប់ពីបានទទួលព័ត៌មានពីភាពងាយរងគ្រោះបំផុតរបស់កុមារទាំងពីរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការី ចុះពិនិត្យទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ ។ ក្រោយពិនិត្យស្ថានភាពជាក់ស្តែងរួចហើយ ក្រុមជាងសាងសង់ផ្ទះនឹងចុះមកសាងសង់ឆាប់ៗនេះ តាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។»

ក្នុងឱកាសចុះសួរសុខទុក្ខនៅមន្ទីរពេទ្យកាល់ម៉ែត លោកជំទាវ អគ្គលេខាធិការរងទី ១ បានលើកទឹកចិត្តឱ្យថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ ឆាប់បានជាសះស្បើយឡើងវិញ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥លានរៀល ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាលផងដែរ ។ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះម្តាយធំឪពុកធំរបស់កុមារទាំងពីរ ដែលបានផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន និងនៅមើលថែទាំក្មួយក្នុងពេលកំពុងសម្រាលព្យាបាលជំងឺនេះផងដែរ ។
សូមជម្រាបជូនថា ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់ផ្ទះនោះ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភជូនដល់ចាស់ៗដែលរស់នៅក្បែរខាងចំនួន ៣៤គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករសុខភាព ចំនួន ២កញ្ចប់ផងដែរ ៕




ដោយ / គ្រី សម្បត្តិ