សិស្សានុសិស្ស នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានការឧបត្ថម្ភសម្លៀកបំពាក់កីឡា ប៊ិច និងសៀវភៅសរសេរ
(កំពង់ធំ)៖ សម្លៀកបំពាក់កីឡា ប៊ិច និងសៀវភៅសរសេរមួយចំនួន ត្រូវបាន ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ បានដឹកនាំសហការីក្រុមការងារយេនឌ័រ នាំយក ទៅឧបត្ថម្ភ ជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សា ក្រចាប់ ស្ថិតនៅក្នុងសង្កាត់ អាចារ្យ លាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ដោយមាន សំណូមពរពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលជាក្រុមកីឡា ក្នុងសាលាបឋមសិក្សាក្រចាប់ ត្រូវត្រៀមប្រកួតកីឡានៅថ្នាក់ខេត្ត និងនៅថ្នាក់ជាតិ នាពេលខាងមុខ ទើបថ្ងៃនេះ ក្នុងនាមថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ រួមជាមួយសហការី នៃក្រុមការងារយេនឌ័រ បានរួមគ្នាចូលរួមថវិកា ដើម្បីទិញ និងបោះពុម្ព សម្លៀកបំពាក់កីឡា ជូនក្មួយៗសិស្សានុសិស្សតាមសំណូមពរ របស់លោកគ្រូ អ្នកគ្រូ ដើម្បីក្មួយៗទាំង ៣៦ នាក់ បានចូលរួមប្រកួតកីឡានៅថ្នាក់ខេត្ត និងថ្នាក់ជាតិ នាពេលខាងមុខនេះ និងបានជួយឧបត្ថម្ភប៊ិច និងសៀវភៅសរសេរចំនួន ១២០ក្បាល ជូនសិស្សានុសិស្ស ដែលបានចូលរួមក្នុងពិធីនេះផងដែរ ។

អ្នកគ្រូ នង ចន្ធី ជានាយិកាសាលា តំណាងឲ្យសិស្សានុសិស្ស នៃសាលាបឋម សិក្សាក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ បានសូមគោ រព ថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម សោម ស៊ុន និង លោកជំទាវ ក្រុមការងារយេនឌ័រ ព្រមទាំងសហការី នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភសម្លៀក បំពាក់កីឡា ជូនដល់សិស្សានុសិស្សនៅពេលកន្លងមក ដើម្បី ត្រៀមទៅ ចូលរួមប្រកួតកីឡានៅថ្នាក់ខេត្ត និងនៅថ្នាក់ជាតិ នៅពេលខាងមុខ នឹងបានជួយឧបត្ថម្ភ ប៊ិច និងសៀវភៅសរសេរ ជូនសិស្សានុសិស្ស ដែលបានចូលរួមក្នុងពិធីនេះផងដែរ ៕
ដោយ ៖ ប៊ុន រដ្ឋា


