អាជ្ញាធរខណ្ឌច្បារអំពៅ ចុះបញ្ច្រាបការយល់ដឹង ដល់សិស្សា នុសិស្ស វិទ្យាល័យព្រែកថ្មី ពីផលវិបាកនៃគ្រឿងញៀន
(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌច្បារអំពៅ បានបន្ត សកម្មភាពចុះផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្សវិទ្យាល័យព្រែកថ្មី ស្ថិតក្នុងសង្កាត់ព្រែកថ្មី នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដើម្បីបញ្ចៀបការយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន ឱ្យបានកាន់តែទូលំទូលាយ ។
លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលផែននគរបាល ប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ៖ ថ្ងៃនេះ នគរបាលជំនាញ បានធ្វើការពន្យល់ និង បង្ហាញដល់សិស្សានុសិស្ស ពីចំណុចជាច្រើន នៃផលវិបាកអំពីគ្រឿងញៀន ដោយសិស្សានុសិស្ស ក៏ បានផ្តោះផ្តងជាមួយសំណួរ និងការងឿងឆ្ងល់ មួយចំនួនមកកាន់សមត្ថកិច្ច ដើម្បីសុំការបកស្រាយបញ្ជាក់ ។
សិស្សានុសិស្ស យល់ឃើញថា ៖ ពួកគាត់បានយល់ជ្រាបកាន់ តែច្បាស់ ពីចំ ណុច ដែលពួកគាត់ ពុំសូវបានដឹងលើផលប៉ះពាល់ នៃគ្រឿងញៀន បន្ទាប់ពី បានចូលរួមក្នុងការស្តាប់ ការពន្យល់ ណែនាំរបស់នគរបាលជំនាញនេះ ។
សិស្សានុសិស្ស បន្ថែមថា គ្រឿងញៀន គឺជា ដើមចមចម្បងបំផុត នៃការបំផ្លាញធនធានមនុស្ស គ្រួសារ និងសង្គមជាតិទាំងមូល ។
លោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ ទទួលផែនការងារសន្តិសុខ បានលើកឡើងថា ទន្ទឹមនឹងការចុះអប់រំលើបញ្ហាគ្រឿងញៀនខាងលើនេះ បញ្ហាទប់ស្កាត់ សិស្សានុសិស្ស ដែលគេចសាលា ហើយទៅអង្គុយពពាក់ពពូននៅតាមបណ្តាទីតាំងដូចជា៖ ហាងកាហ្វេ ទីតាំងស្នូកឃ័រ ក៏ត្រូវបានអាជ្ញាធរ យកចិត្តទុកដាក់ផងដែរ ៕
ដោយ ៖ ប៊ុនធី