កូនប្រុសរបស់លោក Duterte ហ៊ានប្រាប់ឲ្យប្រធានាធិបតីហ្វីលីពីន លោក Marcos ចុះចេញពីតំណែង
អាន៖ លោក Sebastian កូនប្រុសពៅរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ហ៊ានប្រកាសជាចំហរ ប្រាប់ឲ្យប្រធានាធិបតីបច្ចុប្បន្ន គឺលោក Ferdinand Marcos ចុះចេញពីតំណែង។
លោក Sebastian ប្រាប់ឲ្យលោកប្រធានធិបតី Marcros ចុះចេញពីតំណែងកាលពីថ្ងៃអាទិត្យ នៅពេលលោកបានជួបជាមនុស្សរាប់ពាន់នាក់ដែលជាអ្នកគាំទ្ររបស់លោក Duterte។ លោក Duterte ធ្លាប់កាន់តំណែងជាប្រធានាធិបតីនៃប្រទេសហ្វីលីពីន កាលពីចន្លោះពីឆ្នាំ ២០១៦ ដល់ ឆ្នាំ២០២២។
ក្នុងរយៈពេលជិតពីរឆ្នាំ បន្ទាប់ពីទទួលជ័យជម្នះលើការបោះឆ្នោត លោក Marcos បានចាប់ផ្តើមយុទ្ធនាការ Bagong Pilipinas ឬ មានន័យថា ហ្វីលីពីនថ្មីដោយលោកអះអាងថា គឺដើម្បីអភិវឌ្ឍន៍ប្រទេស និងធ្វើឱ្យរដ្ឋាភិបាល កាន់តែមានទំនួលខុសត្រូវ។ ប៉ុន្តែ ភាគីគ្រប់គ្រងប្រទេសមុន បានចោទប្រកាន់លោក Marcos ថាជា «អ្នកញៀនថ្នាំ» និងព្យាយាមផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីបន្តអាណត្តិរបស់លោក។
លោកប្រធានាធិបតី Marcos ដែលជាកូនប្រុសរបស់លោក Ferdinand Marcos ជាអតីតមេដឹកនាំរងការចោទប្រកាន់ថា «ផ្តាច់ការ» នាពេលថ្មីៗនេះ បានគាំទ្រយុទ្ធនាការមួយ សម្រាប់រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៨៧ កាលពីជំនាន់ឪពុករបស់លោក។ នោះគឺសំដៅលើការផ្លាស់ប្តូរដើម្បីអនុញ្ញាតឱ្យមានការវិនិយោគបរទេសបន្ថែមទៀត ប៉ុន្តែ ជាអ្វីដែលលោក Dutertes បានជំទាស់ ជាសាធារណៈ។ អ្នករិះគន់បារម្ភថា កិច្ចខិតខំប្រឹងប្រែងនេះ អាចត្រួសត្រាយផ្លូវ សម្រាប់លោក Marcos អាចគ្រប់គ្រងប្រទេស ១អាណត្តិទៀត។ ហ្វីលីពីនគ្រោងនឹងរៀបចំការការបោះឆ្នោត នៅពាក់កណ្តាលអាណត្តិ នាឆ្នាំក្រោយ និងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំ២០២៨។
កាលពីថ្ងៃអាទិត្យ ក៏មានអ្នកគាំទ្រខាងលោកប្រធានាធិបតី Marcos នៅរដ្ឋធានីម៉ានីល ផងដែរ។ នគរបាលបានប៉ាន់ប្រមាណថា ខាងលោក Marcos មានអ្នកចូលរួមប្រមាណ ៤០ម៉ឺននាក់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត