ខឿនរួតទី៣ ជ្រុងនិរតីប្រាសាទបាយ័ន បានបញ្ចប់ការជួសជុលជាស្ថាពរហើយ

(ភ្នំពេញ)៖ ក្រុមការងារជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យលើការងារជួសជុលខឿនជ្រុងនិរតី រួតទី៣ នៃប្រាសាទបាយ័ន ជាស្ថាពរហើយ ។ នេះបើតាមការឱ្យដឹង តាមរយៈទំព័រហ្វេសប៊ុក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤នេះ។

ស្ថាបត្យករ និង ជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី៣ ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន បានឱ្យដឹងថា ការងារជួសជុលសម្រេចបានដោយជោគជ័យ នៅខឿនជ្រុងនិរតី នៃប្រាសាទបាយ័ន មានដូចជា រៀបចំថ្មខឿន ដែលរំកិលហែកក្រៀកឱ្យចូលទីតាំងដើមវិញ បុកបង្ហាប់ដីគ្រឹះ រៀបថ្មកម្រាល រំដោះទឹកហូរតាមប្រព័ន្ធទឹកបុរាណឡើងវិញ ជួសជុលបង្កាន់ដៃនាគប្រវែងប្រហែល ១២ម៉ែត្រ ដែលក្នុងការងារទាំងនេះកន្លែងខ្លះត្រូវបន្ថែមថ្មថ្មីដែលចាំបាច់។ ការងារនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣មកនោះ បានឈានដល់ការសម្រេចជាស្ថាពរហើយ គឺនៅសល់តែការងារតិចតួច ដូចជា ការដាប់សម្អាតថ្មថ្មី និងបិទបាយអបំពេញនៅតាមមុខតំណថ្មតែប៉ុណ្ណោះ។

កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងទៀតថា ខឿនជ្រុងខាងត្បូងផ្នែកខាងលិចរបស់រួតទី៣ នៃប្រាសាទបាយ័ន ដែលរងការខូចខាតខ្លាំងដោយសារតែមូលហេតុ ដូចជា ឫសឈើបានដុះចាក់ចូលទៅក្នុងរចនាសម្ព័ន្ធធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើម និងបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម។ ទឹកហូរច្រោះចូលទៅតាមប្រហោងថ្មដោយនាំល្បាយដីខ្សាច់ចេញមកក្រៅបណ្ដាលឱ្យខឿននេះហែកក្រៀកមួយចំនួន។ ម្យ៉ាងទៀត បារាំងធ្លាប់បានជួសជុលដោយប្រើបាយអស៊ីម៉ង់ទៅបិទបំពេញនៅតាមចន្លោះថ្មកម្រាល។ ប៉ុន្តែ មកដល់បច្ចុប្បន្នបាយអនោះអស់គុណភាព ហើយបានធ្វើឱ្យខឿនរួតទី៣របស់ប្រាសាទបាយ័ននៅតែប្រឈម និងហានិភ័យជាថ្មី ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner