សម្តេចធិបតី៖ តម្លៃដីមិនថ្លៃជាងតម្លៃអនាគតរបស់យើង ហើយមិនមានតម្លៃណាល្អជាងការថែរក្សាធនធានធម្មជាតិសម្រាប់អត្តសញ្ញាណជាតិ និងជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជានោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលគិតអំពីសុខុដុមនីយកម្ម រវាងមនុស្ស និងបរិស្ថាន ដូច្នេះសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាទីជម្រកត្រីពង ហើយរាជរដ្ឋាភិបាលប្តេជ្ញាការពារឱ្យបាន ព្រោះថាតម្លៃដីមិនថ្លៃជាងតម្លៃអនាគតរបស់យើង ហើយមិនមានតម្លៃណាល្អជាងការថែរក្សាធនធានធម្មជាតិ សម្រាប់អត្តសញ្ញាណជាតិ និងជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជានោះទេ។ ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀសថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍ និងការធ្វើទំនើបកម្ម វិស័យកសិកម្ម តាមរយៈការដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅលើកកម្ពស់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពកម្មវិធីគោលនយោបាយអាទិភាព ចំនួន៦ សម្រាប់អនុវត្តចាប់ពីឆ្នាំ ២០២៣ សំដៅដោះស្រាយបញ្ហាប្រឈមចំពោះមុខ, គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ២០២២-២០៣០ សំដៅប្រែក្លាយកសិកម្ម កម្ពុជាជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ចីរភាព និងធន់នឹងការប្រែប្រួលអាកាសធាតុ, គោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧ សំដៅជំរុញប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី នាពេលអនាគត។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបង្កើនវិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានាដូចជា ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធគមនាគមន៍ជនបទ ប្រព័ន្ធឡូជីស្ទិក បណ្តាញអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធកែច្នៃ, ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្សារភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, បង្កើតច្រករបៀងមច្ឆា និងអង្ករ, លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា នវានុវត្តន៍ និង បរិវត្តកម្មឌីជីថល, កសាងមូលធនមនុស្ស, និងផ្តល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ ជាដើម ដើម្បីបង្កើនគុណភាព ស័ក្តិសិទ្ធភាព ផលិតភាព និងសុវត្ថិភាព ក្នុងផលិតកម្មកសិកម្ម សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់ផលិតផល កសិកម្មកម្ពុជា ទាំងនៅទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្តគោលការណ៍ មានជាអាទិ៍៖ ទី១.បន្តលើកលែងពន្ធលើ ដីកសិកម្ម, ដីស្រែជាលក្ខណៈគ្រួសារ និងការនាំចូលសម្ភារកសិកម្ម ទី២.ការលើកលែងអាករតម្លៃបន្ថែមលើ មុខទំនិញដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រហូតដល់ចុងឆ្នាំ២០២៨ ទី៣.ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារចំនួន ២ ឆ្នាំ បន្ថែមទៀតរហូតដល់ចុងឆ្នាំ២០២៥ ចំពោះសហគ្រាស ផលិត ផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ឬ សេវាកម្ម ដែលធ្វើការដាំដុះ ផលិត ឬនាំចេញ នូវផលិតផលចំនួន ១៤ មុខ រួមមាន ស្រូវ, អង្ករ, ពោត, សណ្ដែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ជ័រកៅស៊ូ, មៀនប៉ៃលិន, ស្វាយ,ចេក, វារីវប្បកម្ម, ការចិញ្ចឹមសត្វ, និងផលិតផលដូងប្រេងនៅក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។ លើសពីនេះ ក្នុងគោលដៅទាក់ទាញវិនិយោគបរទេស និង បើកទីផ្សារបន្ថែមសម្រាប់ផលិតផលកម្ពុជា រួមទាំង ផលិតផលកសិកម្មផងដែររាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ (ភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់-អាសិប), ក្នុងក្របខ័ណ្ឌទ្វេភាគី (កិច្ចព្រមព្រៀងពាណិជ្ជកម្មវេ ជាមួយសាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និង អេមីរ៉ាតអារ៉ាប់រួម) និងកំពុងចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាមិត្តមួយចំនួនទៀត។

សម្តេចធីបតី ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលទី៧ ប្តេជ្ញាបន្តការកំណត់ព្រៃលិចទឹកបឹងទន្លេសាប រហូតដល់ចប់ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងចីរភាព ស្របតាមគោលការណ៍ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល អាណត្តិទី៦ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ កិច្ចការងារនេះ ទាមទារឱ្យមានសហការពីគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដោយចែកចេញជា ជំហានទី១ចំពោះមុខ ត្រូវបញ្ចប់កិច្ចការងារនេះដោយសុក្រឹតភាព និងប្រសិទ្ធភាព តាមរយៈការចុះបញ្ជីដីឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងជាប្រព័ន្ធ ជាមួយការប្រគល់ភារកិច្ចជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី និងនគររូបនីយកម្ម ក្នុងការដឹកនាំ សម្របសម្រួលជាមួយអាជ្ញាធរទន្លេសាប ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីអនុវត្ត, ជំហានទី២.ក្រោយការចុះបញ្ជីដីចប់សព្វគ្រប់ អាជ្ញាធរទន្លេសាប មានភារកិច្ចគូសផែនទី និងបោះបង្គោលកំណត់ព្រំដីឡើងវិញឱ្យបានសុក្រឹតភាព ដើម្បីបញ្ចូលទិន្នន័យក្នុងប្រព័ន្ធសម្រាប់ការវាស់វែង, ជំហានទី៣.ការងារអចិន្ត្រៃយ៍ គឺអាជ្ញាធរទន្លេសាបត្រូវពង្រឹង យន្តការថែរក្សា និងគ្រប់គ្រងឱ្យបានល្អ ដើម្បីធានាការដឹកនាំសម្របសម្រួល គ្រប់គ្រងបឹងទន្លេសាប រួមជាមួយក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ។ ទន្ទឹមនេះ អភិបាលនៃគណៈអភិបាលនៃបណ្តាខេត្ត ជុំវិញ បឹងទន្លេសាប មានភារកិច្ចសហការដឹកនាំដោយស្រុះដៃគ្នា ដើម្បីការពារឱ្យបានដាច់ខាតនូវបឹងទន្លេសាប ដែលជាសម្បត្តិរួមរបស់ជាតិសម្រាប់កូនចៅច្រើនជំនាន់តទៅទៀត។ រាជរដ្ឋាភិបាល គិតអំពីសុខុដុមនីយកម្ម រវាងមនុស្ស និងបរិស្ថាន ដូច្នេះសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាទីជម្រកត្រីពង ហើយរាជរដ្ឋាភិបាល ប្តេជ្ញាការពារឱ្យបាន ព្រោះថាតម្លៃដីមិនថ្លៃជាងតម្លៃអនាគតរបស់យើង ហើយមិនមានតម្លៃណា ល្អជាងការថែរក្សាធនធានធម្មជាតិ សម្រាប់អត្តសញ្ញាណជាតិ និងជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជានោះទេ។

ជាទីបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ និងការបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង អាជ្ញាធរ មូលដ្ឋាន ដែលបានយកចិត្តទុកដាក់ តាមដាន ពិនិត្យ វាយតម្លៃ និងអន្តរាគមជួយដល់ប្រជាជន ដែលរងគ្រោះ ដោយសារគ្រោះធម្មជាតិបានទាន់ពេល។ ទន្ទឹមនេះ ក៏បានធ្វើការកោតសរសើរចំពោះ ក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានរួមសហការរៀបចំការប្រឡង ជ្រើសរើសមន្ត្រីកសិកម្មឃុំ ដោយធានាបាននូវតម្លាភាព សមត្ថភាព និងគុណភាព ព្រមទាំងបានអំពាវនាវ ដល់មន្ត្រីកសិកម្មឃុំដែលទើបប្រឡងជាប់ ទៅប្រតិបត្តិដោយអស់ពីបេះដូង ដើម្បីជួយដល់កសិករយើង៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner