ក្រសួងដែនដីគ្រោងចុះបញ្ជីដីធ្លីឱ្យចប់ត្រឹមអាណ្ណត្តិទី៧ (Video Inside)

ក្រសួងរៀបចំដែនដី គ្រោងនឹងចុះបញ្ជីដីធ្លីឲ្យចប់ត្រឹមអាណត្តិទី៧ ខណៈនៅសល់ ៥លានក្បាលដីទៀត ដែលមិនទាន់បានចុះបញ្ជី។

ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ នៅភូមិបឹងកន្ទ្រន់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងបានបញ្ចេញនូវមន្ត្រីជំនាញ និងមានការចូលរួមពីនិស្សិតស្ម័គ្រចិត្ត កំពុងធ្វើយុទ្ធនាការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឲ្យមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុច្បាស់លាស់ នឹងអាចប្រើប្រាស់ក្នុងកិច្ចការងារផ្សេងៗបានស្រួល និងក៏ជាការឆ្ពោះទៅ នៃការបញ្ចប់នូវទំនាស់ដីធ្លីផងដែរ។

លោករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ក្រសួងកំពុងពន្លឿនការវាស់វែង និងចុះបញ្ជីដីធ្លីជូនពលរដ្ឋនៅទូទាំងប្រទេស ដោយធ្វើយ៉ាងណាឲ្យបានចប់រួចរាល់ នៅត្រឹមអាណត្តិទី៧នេះ ខណៈនៅសល់ ៥លានក្បាលដីទៀត ត្រូវអនុវត្តន៍សកម្មភាពបន្ត។

លោកបានបន្តថា មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពលរដ្ឋហើយ នៅមានប្រមាណ ២លានបណ្ណ ដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ខណៈនៅទូទាំងប្រទេសនៅសល់ប្រមាណ ៥លានក្បាលដីទៀត ដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។

លោក សាយ សំអាល់ បានគូសបញ្ជាក់ថា ដើម្បីឲ្យការងារនេះសម្រេច និងទទួលជោគជ័យទៅបាន គឺត្រូវតែមានការចូលរួម និងសហការពីប្រជាពលរដ្ឋ ដែលជាអ្នកពាក់ព័ន្ធឲ្យបានគ្រប់ៗគ្នា ព្រោះការងារចុះបញ្ជីដីធ្លីឲ្យបានច្បាស់លាស់នេះ សុទ្ធសឹងតែដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ads banner