សេដ្ឋកិច្ចបារាំងកើនឡើង ០.៩ភាគរយ ក្នុងឆ្នាំ២០២៣
ប៉ារីស៖ ទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា តួលេខកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរ នៃតំបន់ចាយប្រាក់អឺរ៉ូនេះ កើនឡើង ០.៩ភាគរយ ក្នុងឆ្នាំ២០២៣ តួលេខនេះនៅទ្រឹង ក្នុងរយៈពេលពីរត្រីមាសចុងក្រោយ។
សេដ្ឋកិច្ចរបស់ប្រទេសបារាំង ស្ថិតនៅក្រោមការព្យាករណ៍របស់រដ្ឋាភិបាលចំនួន ១ភាគរយ និងធ្លាក់ចុះពី ២.៥ភាគរយក្នុងឆ្នាំ២០២២។ ទីភ្នាក់ងារស្ថិតិជាតិបារាំង INSEE បានឱ្យដឹងថា ប្រទេសបារាំងបានកត់ត្រាកំណើនសូន្យស្ទើរតែគ្រប់ត្រីមាសនៃឆ្នាំ២០២៣ លើកលែងតែក្នុងត្រីមាសទី២ ជាពេលដែលសេដ្ឋកិច្ចកើនឡើង ០.៧ភាគរយ។
កំណើននៃការប្រើប្រាស់ក្នុងគ្រួសារ ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ច ធ្លាក់ចុះមកត្រឹម ០.៧ភាគរយក្នុងឆ្នាំ២០២៣ តួលេខនេះធ្លាក់ចុះបន្តិចប៉ុណ្ណោះ ក្នុងរយៈពេលបីខែចុងក្រោយនេះ។ ទោះបីជាយ៉ាងណា សេដ្ឋកិច្ចបារាំងដំណើរការល្អជាងអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់តំបន់ចាយប្រាក់អឺរ៉ូ ដែលត្រូវបានគេរំពឹងថា នឹងបន្តស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤។
យ៉ាងណាមិញ រដ្ឋាភិបាលបារាំងរំពឹងខ្ពស់ថា សេដ្ឋកិច្ចរបស់ប្រទេសខ្លួននឹងកើនឡើងនៅឆ្នាំ២០២៤នេះ ជាមួយនឹងការព្យាករណ៍ក្នុងកំណើន ១.៤ភាគរយ។ ប៉ុន្តែទេសាភិបាលធនាគារកណ្តាលបារាំង លោក Francois Villeroy de Galhau បានប្រាប់កាសែត La Tribune ថា សេដ្ឋកិច្ចបារាំងនឹងកើនឡើង ០.៩ភាគរយម្តងទៀតនៅក្នុងឆ្នាំ២០២៤នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា