អឺរ៉ុបទទួលរងរលកកំដៅក្តៅខ្លាំងបំផុតក្នុងឆ្នាំ២០២១

ហ្សឺណែវ៖ អង្គការឧតុនិយមពិភពលោក (WMO) នៅថ្ងៃអង្គារសប្តាហ៍នេះនិយាយថា ក្នុងឆ្នាំ២០២១ ទ្វីបអឺរ៉ុបបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន រហូតដល់ ៤៨.៨អង្សាសេ ហើយព្រមានថា នឹងកើនឡើងខ្លាំងសាជាថ្មី។

អង្គការឧតុនិយមពិភពលោក (WMO) និយាយថា រលកកំដៅកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានកើនឡើងជិត ៤៩អង្សាសេ ខ្ពស់ជាងកំណត់ត្រាពីមុនត្រឹម ៤៨អង្សាសេ ដែលបានចុះបញ្ជីកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៧៧ នៅទីក្រុងអាថែន និងទីក្រុងអេលហ្វស៊ីណា របស់ប្រទេសក្រិក។

ប៉ុន្តែកំណត់ត្រាសីតុណ្ហភាពកាលពីឆ្នាំ១៩៧៧ មិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យពីអង្គការ WMO ទេ។ សាស្ត្រាចារ្យ Randall Cerveny អ្នករាយការណ៍អំពីឧតុនិយម និងអាកាសធាតុរបស់អង្គការ WMO និយាយថា វាពិតជាអាចទៅរួច ដែលរលកកំដៅកាន់តែក្តៅខ្លាំង នឹងកើតឡើងនៅទូទាំងទ្វីបអឺរ៉ុបនាពេលអនាគត។

ជាមួយនឹងការបំភាយឧស្ម័នបង្កឡើងដោយមនុស្ស ប៉ះពាល់ដល់កំដៅផែនដីនោះ ទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងសីតុណ្ហភាពកើនឡើងពីរដង លឿនជាងមធ្យមភាគពិភពលោក គឺ ២.២អង្សាសេក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បើធៀបនឹងសម័យមុនឧស្សាហកម្ម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner