សេដ្ឋកិច្ចអេស្ប៉ាញកើនឡើង ២.៥ភាគរយ ក្នុងឆ្នាំ២០២៣ ខ្ពស់ជាងការព្យាករណ៍
ម៉ាឌ្រីដ៖ ទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសអេស្ប៉ាញ ហក់ឡើងខ្ពស់ជាងការរំពឹងទុកក្នុងឆ្នាំ២០២៣ ខណៈដែលផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងខ្លាំងនៅចុងឆ្នាំមុន។
សេដ្ឋកិច្ចរបស់ប្រទេសអេស្ប៉ាញ កើនឡើង ២.៥ភាគរយក្នុងឆ្នាំ២០២៣ ស្របពេលដែលប្រទេសសមាជិកប្លុកអឺរ៉ុបដទៃទៀត ជួបកំណើនសេដ្ឋកិច្ចយឺត ឬធ្លាក់ចុះ និងការកើនឡើងអត្រាការប្រាក់ ដែលលើសពីការព្យាករណ៍របស់រដ្ឋាភិបាលចំនួន ២.៤ភាគរយក៏ដោយ។
ការិយាល័យស្ថិតិជាតិ INE បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អេស្ប៉ាញដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៤ របស់តំបន់ចាយប្រាក់អឺរ៉ូ បានកើនឡើង ០.៦ភាគរយ នៅចន្លោះខែតុលា និងខែធ្នូឆ្នាំមុន កើនឡើងពី ០.៤ភាគរយបើធៀបនឹងត្រីមាសមុន ដោយសារតែកំណើនតម្រូវការក្នុងស្រុក និងខាងក្រៅរឹងមាំ។
ធនាគារកណ្តាលអេស្ប៉ាញកាលពីឆ្នាំមុនបានកែប្រែការព្យាករណ៍កំណើនរបស់ខ្លួន សម្រាប់សេដ្ឋកិច្ចអេស្ប៉ាញដល់ ២.៣ភាគរយនៅឆ្នាំ២០២៣ បន្ទាប់ពីវិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសអឺរ៉ុបនេះមានភាពរឹងមាំឡើងវិញ។ តួយ៉ាង ប្រទេសអេស្ប៉ាញទទួលបានភ្ញៀវទេសចរណ៍បរទេសកាលពីឆ្នាំមុន ចំនួនជាង ៨៤លាននាក់ កើនឡើង ១៩ភាគរយ បើធៀបនឹងឆ្នាំ២០២២។
ការកើនឡើងចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសអេស្ប៉ាញ បានជួយជំរុញអត្រាគ្មានការងារធ្វើស្ថិតក្នុងតួលេខ ១១.៧៦ភាគរយគិតត្រឹមចុងឆ្នាំ២០២៣ ជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០៧។
គួរបញ្ជាក់ថា អេស្ប៉ាញគឺជាប្រទេសទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តច្រើនជាងគេលំដាប់ទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសបារាំង ហើយវិស័យទេសចរណ៍មានសារៈសំខាន់ណាស់ សម្រាប់ខឿនសេដ្ឋកិច្ចអេស្ប៉ាញ ដោយបានរួមចំណែក ១២.៨ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា