សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាកសិករទូទាំងប្រទេសសប្បាយរីករាយដោយសារ លក់ស្រូវបានក្នុងតម្លៃខ្ពស់
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាកសិករទូទាំងប្រទេសសប្បាយរីករាយ ដោយសារលក់ស្រូវ បានក្នុងតម្លៃខ្ពស់ និងបានជំរុញលើកទឹកឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រួមគ្នាធានាចីរភាព និងនិរន្តរភាព នៃការអភិវឌ្ឍវិស័យកសិកម្ម ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា បាននាំចេញផលិតផលកសិកម្មជាង ៨,៨២លានតោន ដែលមានតម្លៃសរុបប្រមាណ ៤,៨ ពាន់លានដុល្លាទៅកាន់គោលដៅ ៧៨ ប្រទេស ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៥៦ ពាន់តោន កើនឡើងជាង ៣% មួយឆ្នាំ២០២៣ ។ ហើយអ្វីដែលសំខាន់នោះ គឺប្រជាកសិករទូទាំងប្រទេសសប្បាយរីករាយ ដោយសារប្រាក់ចំណេញពីការលក់ស្រូវរបស់ពួកគាត់នៅឆ្នាំ២០២៣ បានកើនឡើងខ្ពស់។
ទន្ទឹមនេះ សម្តេចធិបតី ក៏បានថ្លែងបន្តថា កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្ស និងបង្រ្កាបបទល្មើសជលផលរបស់ក្រសួងកសិកម្ម ក៏ទទួលបានលទ្ធផលគួរជាទីមោទនៈផងដែរ។
ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឺកចិត្តដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយ ផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដើម្បីធានាចីរភាព និងនិរន្តរភាព នៃការអភិវឌ្ឍវិស័យកសិកម្ម។ សម្តេច ក៏បានជំរុញឲ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវសហការផ្តល់ព័ត៌មានអំពីការព្យាករណ៍អាកាសធាតុ ជាពិសេសទឹកជំនន់ និងគ្រោះរាំងស្ងួតឲ្យបានទៀងទាត់ និងទាន់ពេលវេលា ព្រមទាំងជួយសិក្សា និងការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីគ្រប់គ្រងទឹកជំនន់រដូវវស្សា និងរក្សាទឹកទុកសម្រាប់ប្រព័ន្ធស្រោចស្រព និងការប្រើប្រាស់នៅរដូវប្រាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់កិច្ចសហការល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចុះបញ្ចីដីរដ្ឋ ដូចជា ដីសម្បទានសេដ្ឋកិច្ច ដីព្រៃសហគមន៍ ចំការឈើដាំ សហគមន៍នេសាទ និងកន្លែងអភិរក្សជលផលឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់ និងគ្រប់គ្រងប្រើប្រាស់ជាប្រយោជន៍ដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។
ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការកែទម្រង់ស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនល្បឿនក្នុងការអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសត្រូវជំរុញការបង្កើនសមត្ថភាពវិទ្យាស្ថាន និងមន្ទីរពិសោធន៍កសិកម្ម ដើម្បីគាំទ្រការងារស្រាវជ្រាវកសិកម្ម និងលើកកម្ពស់ការចិញ្ចឹមសត្វ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត , សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ