យន្តហោះចម្បាំងអាមេរិក F-16 ធ្លាក់នៅកូរ៉េខាងត្បូង

យន្តហោះចម្បាំង F-16 មួយគ្រឿងរបស់សហរដ្ឋអាមេរិក ធ្លាក់នៅសមុទ្រខាងលិចនៃប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែជាសំណាងល្អ អ្នកបើកយន្តហោះត្រូវបានជួយសង្គ្រោះ។

យោធាអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ F-16 Fighting Falcon ដែលត្រូវបានបញ្ជូនឱ្យទៅកងយន្តហោះចម្បាំងទី ៨ នៅប្រទេសកូរ៉េខាងត្បូង បានធ្លាក់នៅសមុទ្រខាងលិច នៅម៉ោងប្រហែល ៨និង៤១នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។ ភ្លាមៗ អ្នកបើកយន្តហោះនោះ បានរំដោះខ្លួនចេញដោយសុវត្ថិភាព ហើយត្រូវបានគេជួយសង្គ្រោះនៅម៉ោងប្រហែល ៩និង៣០នាទីព្រឹកថ្ងៃដដែល។

ឆ្មាំឆ្នេរសមុទ្រកូរ៉េនិយាយថា យន្តហោះខាងលើ បានធ្លាក់នៅជិតកោះ Mokdeok ដែលស្ថិតនៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង។ គិតមកទល់ពេលនេះ មូលហេតុដែលនាំឱ្យយន្តហោះចម្បាំងអាមេរិកមួយគ្រឿងនេះធ្លាក់កំពុងស៊ើបអង្កេត។

គួរបញ្ជាក់ថា នេះជាការធ្លាក់យន្តហោះចម្បាំងអាមេរិក F-16 លើកទី៣ហើយនៅកូរ៉េខាងត្បូង ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣។ សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់បំផុតរបស់កូរ៉េខាងត្បូង ហើយបច្ចុប្បន្នបានដាក់ពង្រាយទាហានប្រហែល ២៨,៥០០នាក់នៅលើទឹកដីកូរ៉េខាងត្បូង ដើម្បីជួយការពារទីក្រុងសេអ៊ូល ពីការគំរាមកំហែងរបស់កូរ៉េខាងជើង ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរក្នុងដៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner