ហ្វីលីពីនអរគុណវៀតណាម សម្រាប់ការផ្គត់ផ្គង់អង្ករ ប្រកបដោយស្ថិរភាព
ហាណូយ៖ ប្រធានាធិបតីនៃប្រទសហ្វីលីពីនបានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលបានធានាការផ្គត់ផ្គង់អង្គរ ដល់ហ្វីលីពីន ប្រកបដោយស្ថរិភាព ហើយមានរយៈពេលវែង។ លោក Ferdinand Marcos បានមានប្រសាសន៍បែបនេះ ក្នុងពេលដែលលោកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម។
អំឡុងកិច្ចពិភាក្សា នៅឯទីក្រុងហាណូយ កាលពីថ្ងៃអង្គារ លោក ម៉ាកូស (Marcos) ក៏បានប្រាប់ប្រធានាធិបតីនៃប្រទេសវៀតណាម លោក Vo Van Thuong ថា លោកសូមវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីពាណិជ្ជកម្មអង្ករ។ លោកចាត់ទុកថា វាជាផ្នែកសំខាន់មួយនៃដំណើរទស្សនកិច្ចរបស់លោក នៅទីក្រុងហាណូយ នាពេលនេះ ហើយលោកជឿជាក់ថា ការណ៍នេះនឹងរួមចំណែកដល់ការធានាសន្តិសុខស្បៀង ហើយបង្ហាញពីសាមគ្គីភាពរឹងមាំ រវាងប្រទេសទាំងពីរ។
មេដឹកនាំទាំងពីរបានវាយតម្លៃថា ចាប់តាំងពីការធ្វើឱ្យប្រសើរឡើង ឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ ២០១៥ ទំនាក់ទំនងទ្វេភាគី មានការអភិវឌ្ឍ ជាបន្តបន្ទាប់ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង ជាបន្តបន្ទាប់ផងដែរ។
គួរបញ្ជាក់ថា ហ្វីលីពីននៅតែជាទីផ្សារអង្ករធំបំផុត របស់វៀតណាម។ យោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ការនាំចេញអង្កររបស់វៀតណាម ទៅកាន់ទីផ្សារហ្វីលីពីន ក្នុងឆ្នាំ២០២៣ អាចនឹងឈានដល់ ១,៧៥ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ជិត ១៨% បើធៀបនឹងឆ្នាំ២០២២។ រីឯរដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសហ្វីលីពីន បាននិយាយថា បច្ចុប្បន្ន វៀតណាមមានចំណែក ៨៥% នៃអង្ករនាំចូលអង្ករ របស់ប្រទេសហ្វីលីពីន។
បន្ទាប់ពីកិច្ចពិភាក្សារួចរាល់ មេដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម និងបានចូលរួមពិធីផ្លាស់ប្តូរឯកសារសហប្រតិបត្តិការលើវិស័យកសិកម្ម ពាណិជ្ជកម្មស្រូវ កិច្ចការសមុទ្រ និងវប្បធម៌ ផងដែរ។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន ម៉ាកូស (Marcos) បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ ៣០ ខែមករា។
ប្រធានាធិបតីប្រទេសវៀតណាម លោក Vo Van Thuong ក្នុងជំនួបនោះ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូង របស់លោក Marcos ទៅកាន់ប្រទេសវៀតណាម ក្នុងតួនាទីជាប្រធានាធិបតីហ្វីលីពីន៕ ប្រភពពី VNExpress ប្រែសម្រួល៖ សារ៉ាត