ដំបូលខ្លោងទ្វារ ខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រូវការជួសជុលសង្គ្រោះបន្ទាន់ ដើម្បីឱ្យ មានភាពរឹងមាំឡើងវិញ

ភ្នំពេញ៖ ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា បានធ្វើពិធីសែនព្រេនតាមបែបជំនឿ សាសនា ដើម្បីសុំសេចក្តីសុខ ក្នុងការរុះរើថ្មដំបូលខ្លោងទ្វារខាងកើតរបស់ ប្រាសាទ អង្គរវត្ត ដើម្បីជួសជុលឡើងវិញ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួង វប្បធម៌ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤នេះ ។

មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី បានឱ្យដឹងជុំវិញបញ្ហានេះថា ក្រុមការងារចាប់ផ្ដើមរុះរើថ្មដំបូលកណ្ដាលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តនេះ ដោយសារតែថ្មនៅទិសឦសានបែកជាច្រើនបំណែក និងបាក់ធ្លាក់ដោយអន្លើ។ ដំបូលនេះ គឺជាអ័ក្សខ្វែងនៃដំបូលទាំងមូល ដែលត្រូវទ្រនូវរចនាសម្ព័ន្ធរបស់ដំបូលទាំងអស់ បើកាលណាធ្លាក់បាក់ គឺមានបញ្ហា មិនអាចឱ្យជួសជុលដំបូលទាំងអស់បានទេ ហើយក៏ អាចធ្វើឱ្យប៉ះពាល់ដល់ជ្រុងឬជញ្ជាំងដទៃទៀតដែលនៅជុំវិញដែរ ។

លោក ឃាម មុនី ឱ្យដឹងទៀតថា ដោយសារតែអាយុកាលនៃសំណង់ បានធ្វើឱ្យថ្មមួយចំនួននៅជ្រុងឦសានពុកផុយ និងមានការខូចខាតនូវរចនាសម្ព័ន្ធរបស់ដំបូល ដោយដុំថ្មខ្លះក្រៀកចេញពីគ្នា និងមានប្រហោង។ ក្នុងលក្ខណៈដូចនេះ គឺរើថ្មដំបូលដូរថ្មថ្មី១ដុំ និងប៉ះថ្មបែកមួយចំនួន រួចរៀបបញ្ចូលពង្រឹងជ្រុងឦសានឡើងវិញ ទើបអាចបើកឱ្យភ្ញៀវឆ្លងកាត់បាន ។

គួរបញ្ជាក់ថា ខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត គឺជាច្រកដ៏សំខាន់មួយដែលភ្ញៀវទេសចរតែងតែមកទស្សនាជារៀងរាល់ថ្ងៃ ហើយវាក៏តំណាងឱ្យច្រកទាំង ៤របស់ប្រាសាទអង្គរវត្តដែរ ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner