ក្រុមតន្ត្រីរុស្ស៊ី Bi-2 ដែលរិះគន់លោកពូទីន ប្រឈមនឹងការនិរទេស

បាងកក៖ សមាជិកក្រុមតន្រ្តីរ៉ុករួមគ្នា រវាងប្រទេសរុស្ស៊ី និងប្រទេសបេឡារុស្សត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារនៃប្រទេសថៃ នៅថ្ងៃពុធនេះ បន្ទាប់ពីត្រូវបានឃាត់ខ្លួន ក្រោយពេលពួកគេសម្តែងនៅលើកោះលំហែដ៏ល្បីមួយរបស់ថៃ។ ការឃាត់ខ្លួននេះដោយសារពួកគេបានរិះគន់លោកប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន និងការដឹកនាំធ្វើសង្រ្គាមនៅអ៊ុយក្រែន របស់លោក ពូទីន។

មន្ត្រីថៃបានបញ្ជាក់ថា ពួកគេបានចាប់ខ្លួនមនុស្ស “ប្រាំពីរ ឬប្រាំបីនាក់” កាលពីសប្តាហ៍មុន នៅភូកេត ពីបទសម្តែងដោយគ្មានលិខិតអនុញ្ញាតការងារត្រឹមត្រូវ ហើយបាននិយាយថា ពួកគេអាចប្រឈមមុខនឹងការនិរទេស ចេញពីប្រទេសថៃ។ ប្រភពប៉ូលិសមួយ បានប្រាប់ AFP កាលពីថ្ងៃពុធ ថា “៤ ឬ ៥នាក់” ឥឡូវនេះ ត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំង ក្នុងទីក្រុងបាងកក។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស អំពាវនាវកុំឱ្យពួកគេនិរទេស ទៅប្រទេសរុស្ស៊ី ដោយបារម្ភពីបញ្ហាសុវត្ថិភាព។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅកាត់ HRW បាននិយាយថា ពួកគេនឹងប្រឈមមុខនឹង «ការធ្វើទុក្ខបុកម្នេញ» ប្រសិនបើបញ្ជូនពួកគេ ទៅប្រទេសរុស្ស៊ីវិញ។ HRW ថែមទាំងលើកឡើង ពីការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ដែលចោទប្រកាន់ក្រុមនេះថា «ក្រុមគាំទ្រអំពើភេរវកម្ម» ទៀតផង។

តាមរយៈបណ្តាញសង្គម Telegram ផ្លូវការ របស់ក្រុម Bi-2 កាលពីថ្ងៃពុធ បានឲ្យដឹងថា តារាចម្រៀង Egor Bortnik ដែលមានឈ្មោះក្នុងសិល្បៈថា Lyova បានចាកចេញពីប្រទេសថៃហើយ។ ពួកគេបានបញ្ជាក់ថា «Lyova Bi-2 បានហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល ប៉ុន្តែ សមាជិកក្រុមដែលនៅសល់ នៅតែស្ថិតក្នុងពន្ធនាគារចំណាកស្រុក នៅក្នុងបន្ទប់ចង្អៀត នៅថៃ»៕ ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner