UN ត្រូវការប្រាក់ ៥០០លានដុល្លារ ដើម្បីលើកកម្ពស់សិទ្ធិមនុស្សក្នុងឆ្នាំ២០២៤
ហ្សឺណែវ៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិយាយថា ខ្លួនត្រូវការប្រាក់ចំនួន ៥០០លានដុល្លារ ក្នុងការផ្តល់មូលនិធិទ្រទ្រង់ការងាររបស់ខ្លួននៅឆ្នាំ២០២៤នេះ ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅលើពិភពលោក ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារសង្រ្គាម។
ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានប្រាប់មន្រ្តីការទូតនៅទីក្រុងហ្សឺណែវ យ៉ាងដូច្នេះថា យើងកំពុងរស់នៅក្នុងស្ថានភាពបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ… ជម្លោះនៅតែបន្តកើតមានក្នុងតំបន់ជាច្រើននៃពិភពលោក ហើយថ្មីៗនេះនៅមជ្ឈិមបូព៌ា។
លោក Turk បានសង្កត់ធ្ងន់ថា សង្រ្គាមទាំងនេះកំពុងបង្កឱ្យមានស្លាកស្នាមយ៉ាងជ្រៅ, ភាពសោកសង្រេង, ភាពអយុត្តិធម៌, ប៉ះពាល់ដល់អនាគតរបស់ប្រទេសជាតិទាំងមូល និងជំរុញឱ្យមានការបែកបាក់គ្នាកាន់តែខ្លាំង។
លោក Turk និយាយថា ប្រាក់ ៥០០លានដុល្លារ គឺជាតម្រូវការចាំបាច់ ដើម្បីជួយទ្រទ្រង់ដល់ការធ្វើសកម្មភាពរបស់ OHCHR ក្នុងការផ្លាស់ប្តូរជីវិត និងដោះស្រាយបញ្ហាប្រឈមសិទ្ធិមនុស្សដ៏ធំបំផុតមួយចំនួន ដែលកំពុងប្រឈមនៅទូទាំងពិភពលោក។
រដ្ឋជាសមាជិកបានបង់ប្រាក់ចំនួន ២៨៣.២លានដុល្លារក្នុងការបរិច្ចាគដោយស្ម័គ្រចិត្តដល់ OHCHR កាលពីឆ្នាំមុន ពោលគឺតិចជាងចំនួន ៤៥២លានដុល្លារដែលបានស្នើសុំ ក្នុងកំលុងពេលទីភ្នាក់ងារនេះប្រារព្ធខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។ ម្ចាស់ជំនួយកំពូលទាំង៥ របស់ខ្លួន គឺសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ស៊ុយអែត អាល្លឺម៉ង់ និងន័រវេស។
សូមបញ្ជាក់ថា ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) មានបុគ្គលិកចំនួន ១,៩៦២នាក់ នៅក្នុងប្រទេសចំនួន៩១។ ទីភ្នាក់ងារនេះនិយាយថា កាលពីឆ្នាំមុន ខ្លួនបានជួយធានាការដោះលែងអ្នកជាប់ឃុំចំនួន ១៣,៤៧៦នាក់, បានធ្វើបេសកកម្មត្រួតពិនិត្យចំនួន ៣,៦៦៤លើក និងបានរួមចំណែកដល់ការកែលម្អច្បាប់ និងគោលនយោបាយនៅក្នុងប្រទេសចំនួន៤៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា