បារាំង និងអង់គ្លេស ពង្រឹងកិច្ចសហការបញ្ឈប់លំហូរជនចំណាកស្រុក

ប៉ារីស៖ អង់គ្លេស និងបារាំងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការឆ្លងកាត់ច្រកសមុទ្រ របស់ប្រទេសអង់គ្លេស បន្ទាប់ពីគេកត់សម្គាល់ឃើញថា ជនចំណាកស្រុកដែលធ្វើដំណើរតាមទូកតូចៗ ចំនួនជាង១០០០ នាក់ បានឆ្លងកាត់ នៅក្នុងខែមករានេះដោយពួកគេចាកចេញពីប្រទេសបារាំង។

ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោក James Cleverly និង រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin នៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ។ ពួកអះអាងថា ចំណាត់ការកន្លងមកបានកាត់បន្ថយការឆ្លងកាត់របស់ពួកគេ ដល់ទៅ ៣៦% កាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ការធ្វើដំណើរដ៏គ្រោះថ្នាក់ ឆ្លងកាត់ផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយ របស់ពិភពលោក បានក្លាយជាបញ្ហាឈឺក្បាលផ្នែកនយោបាយ សម្រាប់រដ្ឋាភិបាលអភិរក្ស របស់ចក្រភពអង់គ្លេស។ បារាំងនិងអង់គ្លេសបានបង្កើតកិច្ចព្រមព្រៀងមួយ កាលពីខែមីនា ឆ្នាំ២០២៣ ក្នុងការបង្កើនមូលនិធិ ដល់ប្រទេសបារាំង ចំនួន ៥៧៥ លានដុល្លារ រហូតដល់ឆ្នាំ ២០២៦។ ការណ៍នេះអនុញ្ញាតឱ្យមានការដាក់ពង្រាយមន្ត្រីអនុវត្តច្បាប់បារាំង រាប់រយនាក់បន្ថែមទៀត នៅតាមបណ្តោយឆ្នេរ ដើម្បីបញ្ឈប់ជនចំណាកស្រុក ចូលតាមច្រកសមុទ្រ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner