រដ្ឋសភាផ្តើមដំណើរការនីតិវិធីជ្រើសតំាងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ចំនួនពីររូប

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃពុធទី៣១ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំគណៈកម្មាធិការនាពេលនេះ បានអនុម័តលើគោលការណ៍នៃការជ្រើសតំាងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ចំនួន ២រូប ដោយបានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសេចក្តីជូនដំណឹងជ្រើសរើសឥស្សរជន ដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីបន្តនីតិវិធី។

សូមជម្រាបថាក្នុងចំណោមសមាជិកព្រឹទ្ធសភាចំនួន៦២រូប ក្រៅពីការបោះឆ្នោតជ្រើសតំាង តាមរយៈការបោះឆ្នោតជាអសកល សមាជិកព្រឹទ្ធសភា ២រូប ត្រូវចាត់តំាងដោយព្រះមហាក្សត្រ និង២រូបទៀត ជ្រើសតំាងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប។ សូមជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner