អនុប្រធាន គ.ជ.ប៖ ការបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ត្រូវបានកំណត់យកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តម ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១០៦ សសរ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កាលបរិច្ឆេទនៃការបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។

អនុប្រធាន គ.ជ.ប បានបន្តថា ដើម្បីធានាឱ្យបានជោគជ័យលើការងារនេះ គ.ជ.ប មានភារកិច្ចស្របទៅតាមច្បាប់ ដោយត្រូវរៀបចំផែនការមេ ប្រតិទិន បទបញ្ជា និងនីតិវិធី ដើម្បីអនុវត្តការរៀបចំការបោះឆ្នោត ដែលក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី នូវភារកិច្ចមួយចំនួនដែលត្រូវអនុវត្តក្នុងការចាប់ផ្តើមបើកដំណើរការបោះឆ្នោតនេះ ដូចខាងក្រោម៖

១.ការចាប់ផ្តើមបើកដំណើរការនៃការបោះឆ្នោត
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា-ស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” គឺជាការបោះឆ្នោតអសកល តាមប្រព័ន្ធសមាមាត្រ ដែលមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងទាំងអស់ជាអ្នកបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាទាំង២ប្រភេទនេះ គឺក្រុមប្រឹក្សារាជធានី ឬក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ឬក្រុមប្រឹក្សាស្រុក ឬក្រុមប្រឹក្សាខណ្ឌ។ ដូច្នេះ អ្នកបោះឆ្នោតត្រូវបោះឆ្នោត ២ដង ក្នុងពេលតែមួយ ដោយប្រើសន្លឹកឆ្នោត ២ប្រភេទ ផ្សេងគ្នា គឺសន្លឹកឆ្នោតប្រភេទទី១ មានផ្ទៃពណ៌តាមការកំណត់របស់ គ.ជ.ប ប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងសន្លឹកឆ្នោតប្រភេទទី២ មានផ្ទៃពណ៌ស ប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត។

ដើម្បីធានាឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ទទួលបានជោគជ័យ គ.ជ.ប គណបក្សនយោបាយ អាជ្ញាធរពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចូលរួមអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួននៅគ្រប់ដំណាក់កាលនៃដំណើរការបោះឆ្នោត ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់ការបោះឆ្នោត។ ដំណាក់កាលសំខាន់ៗនៃដំណើរការបោះឆ្នោតមានដូចខាងក្រោម៖
ដំណាក់កាលទី១.ការចុះឈ្មោះបោះឆ្នោត៖ យោងតាមប្រតិទិនរបស់ គ.ជ.ប គឺចាប់ផ្តើមពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ អ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងទូទាំងប្រទេស ដែលមានសរុបចំនួន ១១.៦២២ (ដប់មួយពាន់ ប្រាំមួយរយម្ភៃពីរ) នាក់។ ការចុះឈ្មោះបោះឆ្នោត ត្រូវអនុវត្តតាមរបៀបស្រង់ឈ្មោះ នៅតាមឃុំ សង្កាត់ និងបញ្ជាក់ការឯកភាពតាមលំដាប់ឋានានុក្រមមក គ.ជ.ប។
ដំណាក់កាលទី២.ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)៖ គឺមាន រយៈពេលតែ ៥ ថ្ងៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ។
ដំណាក់កាលទី៣.ការឃោសនាបោះឆ្នោត៖ គឺចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលមានរយៈពេល៨ថ្ងៃ។
ដំណាក់កាលទី៤.ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត៖ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។
ដំណាក់កាលទី៥.ការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោត៖ ដែលមានលទ្ធផល-បឋម លទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការ។

ចំពោះនីតិវិធីលម្អិតក្នុងដំណាក់នីមួយៗ គ.ជ.ប នឹងជម្រាបជូនជាបន្តបន្ទាប់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនៅពេលក្រោយៗទៀត ដោយផ្អែកតាមប្រតិទិនការងារ៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner