ប្រធានសហព័ន្ធពិភពលោកបង្ហាញផលវិជ្ជមានលើការអភិវឌ្ឍកីឡាជិះសេះ នៅកម្ពុជា

ភ្នំពេញ៖ លោក Ingmar DE VOS ប្រធានសហព័ន្ធកីឡាបង្ហាត់ ជិះសេះ អន្តរជាតិ (FEI) បានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែងរបស់ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ (CEF) ដែលបានជំរុញឱ្យប្រភេទកីឡា មួយនេះវិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់ដោយមានទាំងធនធានកីឡាករ កីឡាការិនី គ្រូបង្វឹក និងសត្វសេះ ហើយកម្ពុជាក៏មានទីលាន ប្រណាំង សេះបែបស្តង់ដារផងដែរ។

ការកត់សម្គាល់បែបនេះបន្ទាប់ពី លោក Ingmar DE VOS និង លោក Jack HUANG ជាអនុប្រធាន FEI បានមកទស្សនកិច្ចនៅកម្ពុជា ហើយបានសំណេះសំណាល ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនីរបស់ CEF នៅមជ្ឈមណ្ឌលជិះសេះ Genius Resort ។

បើទោះបីជាប្រភេទកីឡាជិះសេះ មិនត្រូវបានដាក់បញ្ចូលនៅក្នុងការ ប្រកួតស៊ីហ្គេមចំនួន៣លើកជាប់ៗ គ្នា តាំងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ប៉ុន្តែការដណ្តើម បានមេដាយសំរឹទ្ធ ១ សម្រាប់ការបង្ហាញវត្ត មានលើកចុងក្រោយក្នុងស៊ីហ្គេមឆ្នាំ ២០១៧ នៅម៉ាឡេស៊ី លើ វិញ្ញាសា លោតផ្លោះរបារជាក្រុមបុរស និងការឈ្នះ បានមេដាយមាសពីការ ប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៣ (The 1st SEA Youth Cup) នៅទីក្រុងបាងកកប្រទេសថៃកាលពី ថ្ងៃទី ៩ ខែធ្នូបានក្លាយជាលទ្ធផលដ៏វិជ្ជមានរបស់ក្រុមជិះសេះកម្ពុជា។

លោក Ingmar DE VOS បានថ្លែងថា៖ «យើង តែងតែបានគាំទ្រទៅ ដល់គម្រោងនៃការអភិវឌ្ឍរបស់ CEF ដូចជា ការបណ្តុះបណ្តាល ធនធានគ្រូបង្វឹក ធនធានកីឡាករ កីឡាការិនី និងធនធានអ្នកជំនាញ ថែរក្សាសេះ ។យើងពិតជាសប្បាយចិត្តដែលគម្រោងទាំងអស់នេះ បានជួយឱ្យក្រុមជិះសេះកម្ពុជាបានឈ្នះមេដាយមាសជាលើកដំបូងនៅ ប្រទេសថៃ»។

សម្រាប់ការបំពេញទស្សនកិច្ចដោយផ្ទាល់នៅកម្ពុជានេះលោក Ingmar DE VOS និងលោក Jack HUANG បានបង្ហាញការចាប់អារម្មណ៍ពី មជ្ឈមណ្ឌលជិះសេះ Genius Resort ស្ថិតនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយបានសាងសង់ស្របតាមស្តង់ដារអន្តរជាតិរបស់ FEI និងអាចរៀបចំការប្រកួតអន្តរជាតិបាន ហើយមជ្ឈមណ្ឌលថ្មីនេះ បានក្លាយជាកន្លែងហ្វឹកហាត់របស់ ក្រុមជម្រើសជាតិកម្ពុជា។

លោក Ingmar DE VOS បានបញ្ជាក់ថា៖ « យើងពិតជាមាន អារម្មណ៍រំភើបដែលកម្ពុជាមានទីលានបែបស្តង់ដារអន្តរជាតិ ជាមួយ នឹងគ្រូបង្វឹក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពិសេសកម្ពុជាពេល នេះមានកីឡាករ កីឡាការិនី ជាយុវជនដែលកំពុងហ្វឹកហាត់បង្កើន សមត្ថភាព ហើយនេះជាកត្តាយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធាន អត្តពលិកដោយខ្ញុំសង្ឃឹមថា ពួកគេនឹងមានឱកាសបានចូលរួមប្រកួត នៅក្នុងតំបន់ ក៏ដូចជាការប្រកួតស៊ីហ្គេមផងដែរ»។

ជាមួយគ្នានោះ អ្នកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ ជិះសេះបានអះអាងថា សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានទទួលការ គាំទ្រ និងជួយជ្រោមជ្រែងច្រើន ពី FEI នៅក្នុងផែនការ អភិវឌ្ឍ ធនធាន មនុស្សកន្លងមកនេះ ហើយបច្ចុប្បន្នដោយសារកម្ពុជាកង្វះខាតអ្នក ជំនាញផ្នែកថែទាំសេះ គឺយើងបានបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ នេះដែលគាំទ្រដោយ FEI ។

អ្នកស្រីបានបន្ថែម ថា សហព័ន្ធបានសហការជាមួយអង្គការ Just World International ក្នុងការបណ្តុះបណ្តាលយុវតី ក្រីក្រ ចំនួន ២០នាក់ មានអាយុ ១៥ឆ្នាំ ដល់ ២០ ឆ្នាំ នៅ អង្គការ People Improvement Organization “PIO” មានទីតាំង នៅរាជធានី ភ្នំពេញ ដោយនឹងផ្តល់ឱកាសការងារដល់ពួកគេ ក្លាយជាអ្នកថែទាំសេះ ព្រោះ ក្រោយបញ្ចប់ការសិក្សាសិក្ខាកាម នឹងទទួលបានវិញ្ញាបន បត្រ ទទួលស្គាល់ពី CEF និងត្រូវបានអនុញ្ញាតឱ្យធ្វើការជាអ្នកជំនាញ ថែ ទាំសត្វសេះ នៅមជ្ឈមណ្ឌលជិះសេះ ដោយកម្មវិធីនេះគ្រោងនឹងចាប់ ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ ៕
អត្ថបទ៖ ចាន់ វិចិត្រ
រូបភាព ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner