រាជរដ្ឋាភិបាល កំណត់យកឆ្នាំ២០២៤ គឺជាឆ្នាំងើបឡើងវិញ ចំពោះសេដ្ឋកិច្ច នៅកម្ពុជា
ព្រះសីហនុ៖ រាជរដ្ឋាភិបាល កំណត់យកឆ្នាំ២០២៤ គឺជាឆ្នាំងើបឡើងវិញ ចំពោះ សេដ្ឋកិច្ចនៅកម្ពុជា ខណៈកម្មវិធីពិសេសជំរុញការវិនិយោគ នៅក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទាន គោលចំនួន ០៤ ។ នេះជាការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកច្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។
សម្ដេចធិបតី មានប្រសាសន៍ថា កម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន ០៤ រួមមាន៖ ទី១ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគ ។
ទី២ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស ។
ទី៣ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទាក់ទងទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល ។
ទី៤ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និងការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម មានឧត្តមភាព និងមានប្រកួតប្រជែងខ្ពស់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្មវិធីពិសេសនេះ មានគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែច្រើន និងមានសម្ទុះលឿន ដោយផ្តោតលើគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចចំនួន៣ប្រភេទ រួមមាន៖ ១៖ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និង ចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៤, ២៖ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹង អគារជាប់គាំង ប៉ុន្តែចាប់ផ្តើមដំណើរការបានភ្លាម នៅក្នុងឆ្នាំ២០២៤, ៣៖ ការពង្រីក គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យ ជាក់លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤។
សម្តេចធិបតី បានបន្ថែមថា កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ មានគោលបំណងជំរុញសកម្មភាព ការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំង ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែប្រសើរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ